ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ប្រធានសាខា«ក.ប.ប.»ខេត្តតាកែវ៖ ពិតជាមានករណីពលរដ្ឋពុលស្រាថ្នាំស្លាប់ ៣នាក់ និងម្នាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យប្រាកដមែន

ចែករំលែក៖

ខេត្តតាកែវ៖ លោក លៀង សុភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ខេត្តតាកែវ បានឱ្យដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះថា៖ ទីតាំងផលិតស្រាថ្នាំមួយកន្លែង ស្ថិតក្នុងភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ត្រូវកម្លាំងមន្ត្រីជំនាញស៊ើបអង្កេត និង ក.ប.ប ចុះត្រួតពិនិត្យ បន្ទាប់ពីមានករណីពុលស្រា ជាលទ្ធផលបង្ហាញថា ប្រជាពលរដ្ឋដែលស្លាប់ ៣នាក់ និងម្នាក់ទៀតកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ពិតជាពុលស្រាថ្នាំប្រាកដមែន។

លោកប្រធានសាខា បានឱ្យដឹងទៀតថា កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ មានករណីដោយសង្ស័យពុលស្រាថ្នាំ មន្ត្រីស៊ើបអង្កេត នៃសាខា ក.ប.ប. ខេត្តតាកែវ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម អធិការស្រុកទ្រាំង និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រង៉ែ បានចុះទៅសាកសួរព័ត៌មានលម្អិត និងយកសំណាកគំរូ (ស្រាថ្នាំ) ទៅធ្វើពិសោធន៍។

លោកបន្តថា ក្រោយមន្ត្រីជំនាញបានយកសំណាកទៅពិនិត្យ ពិសោធន៍ និងវិភាគ ជាលទ្ធផល ស្រាថ្នាំនោះ មានជាតិមេតាណុលក្នុងស្រា កម្រិត ១៥% ប្រសិនពិសាចាប់ពី ៦៦០ មីលីលីត្រ ឡើងទៅ អាចស្លាប់បាន។

ករណីពុលស្រា.ស ស្រាថ្នាំ តែងតែកើតមានជាញឹកញាប់ បើទោះបីជាមន្ត្រីជំនាញពាក់ព័ន្ធធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ ដល់ម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត និងអាជីវករលក់ស្រា.ស-ស្រាថ្នាំយ៉ាងណាក៏ដោយ។

កន្លងមក អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព នៅតាមបណ្ដាខេត្តគោលដៅចំនួន ៦ រួមមាន ៖ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពត ដោយធ្វើការអញ្ជើញម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត និងអាជីវករលក់ស្រា.ស-ស្រាថ្នាំ ក្នុងខេត្តចូលរួមផងដែរ៕ដោយ៖តារា


ចែករំលែក៖