ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃការចូលរួមរបស់លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេស នៃកិច្ចប្រជុំកំពូលលើកទី៣ នៃសម្លេងបណ្ដាប្រទេសខាងត្បូង

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី យុិនទៀង ពុទ្ធិរស្មី រដ្ឋលេខាធិការ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចប្រជុំកំពូលលើកទី ៣ នៃសម្លេងបណ្តាប្រទេសខាងត្បូង ដែលបាន ប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ តាមប្រព័ន្ធនិម្មិត។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនេះដែលផ្តោតលើមូលបទ “ការធ្វើផែនការគំរូពិសេសមួយសម្រាប់ បណ្តាប្រទេសខាងត្បូង” ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក សុប្រាម៉ានយ៉ាម ចៃហ្សាងការ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា និងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសចំនួន ១៦ មកពីបណ្តា ប្រទេសខាងត្បូង។

ក្នុងអំឡុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសដែលចូលរួមបានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការកែទម្រង់ ពហុភាគីនិយម និងការអនុវត្តរបៀបវារៈស្តីពីអាកាសធាតុដែលអន្តរជាតិបានឯកភាពគ្នារួចហើយ។ រដ្ឋមន្ត្រី ដែលចូលរួមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការទទួលបានហិរញ្ញប្បទាន និងបច្ចេកវិទ្យា ដែលចាំបាច់ សម្រាប់ការសម្រេចបាននូវការអភិវឌ្ឍរបស់បណ្តាប្រទេសខាងត្បូង។ រដ្ឋមន្ត្រីការបរទេសដែលចូលរួមបាន ជំរុញឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងកិច្ចសហប្រតិបត្តិការត្រីកោណ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយនិរន្តរភាពក្នុងឱកាសនោះ លោកស្រី យុិន ទៀង ពុទ្ធិរស្មី បានសង្កត់ធ្ងន់លើសសរស្តម្ភ ៣ សម្រាប់គំរូអភិវឌ្ឍន៍ នៅបណ្តាប្រទេសខាងត្បូង ដូចខាងក្រោម៖

១. កំណើនប្រកបដោយបរិយាបន្ន៖ បណ្តាប្រទេសខាងត្បូងត្រូវតែផ្តោតលើយុទ្ធសាស្ត្រសេដ្ឋកិច្ច ដែលអាចដោះស្រាយបញ្ហាវិសមភាព និងអាចផ្តល់ឱកាសដល់ប្រជាជនទាំងអស់ ជាពិសេសស្ត្រី យុវជន និងសហគមន៍ដែលជួបការលំបាក។ លោកជំទាវបានថ្លែងបន្ថែមទៀតថា ការប្រើប្រាស់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ពិតជាមានសារៈសំខាន់ក្នុងការធ្វើបរិវត្តកម្មសេដ្ឋកិច្ច ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

២. ការការពារថែរក្សាបរិស្ថាន៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាពតម្រូវឱ្យមានការការពារថែរក្សា បរិស្ថានរបស់យើងផងដែរ។ ក្នុងន័យនេះ កម្ពុជាស្នើបណ្តាប្រទេសខាងត្បូងផ្តល់អាទិភាពចំពោះ និរន្តរភាពនៃបរិស្ថាន និងធ្វើការកាន់តែជិតស្និទ្ធសំដៅសម្រេចបាននូវការអនុវត្តហិរញ្ញប្បទាន បរិស្ថានដែលប្រទេសអភិវឌ្ឍន៍បានសន្យា ដើម្បីដោះស្រាយ និងកាត់បន្ថយផលប៉ះពាល់បណ្តាល មកពីបម្រែបម្រួលអាកាសធាតុ។

៣. កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ យើងប្រឈមបញ្ហារួមលើផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថានដែល តម្រូវឱ្យមានដំណោះស្រាយរួម។ ដូច្នេះ កម្ពុជាសូមអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងបណ្តាប្រទេសខាងត្បូង ជំរុញភាពជាដៃគូលើវិស័យបច្ចេកវិទ្យា ពាណិជ្ជកម្ម និងការកសាង សមត្ថភាព។ តាមរយៈការធ្វើការរួមគ្នា យើងអាចធ្វើឱ្យសម្លេងរបស់យើងឮខ្លាំងជាងមុននៅលើ វេទិកាសកលដែលនឹងគាំទ្រដល់សណ្តាប់ធ្នាប់អន្តរជាតិមួយប្រកបដោយសមភាព និងយុត្តិធម៌ ៕

ដោយ ៖ សិលា


ចែករំលែក៖