មន្ត្រីយោធានៃប្រទេស Burkina Faso, Mali និង Niger ទើបតែបានផ្ញើលិខិតទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយចោទប្រកាន់អ៊ុយក្រែនថាបានគាំទ្រក្រុមឧទ្ទាមនៅក្នុងតំបន់ Sahel នៃអាហ្វ្រិកខាងលិច។
កាលពីដើមខែនេះ ម៉ាលីបានផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ុយក្រែន បន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែនអំពីការប្រយុទ្ធគ្នានៅភាគខាងជើងប្រទេសម៉ាលី ដែលបានសម្លាប់ទាហានម៉ាលី និងសមាជិកយោធាឯកជនជាច្រើននាក់ ។ ប៉ុន្មានថ្ងៃក្រោយមក រដ្ឋាភិបាលយោធានីហ្សេរីយ៉ាក៏បានផ្តាច់ទំនាក់ទំនងជាមួយអ៊ុយក្រែន ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រទេសជិតខាង។
ជម្លោះនេះបានកើតឡើងបន្ទាប់ពីអ្នកនាំពាក្យទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែនបាននិយាយថា ក្រុមឧទ្ទាមម៉ាលីបានទទួល “ព័ត៌មានចាំបាច់” ដើម្បីអនុវត្តការវាយប្រហារមួយនៅក្នុងខែកក្កដា។
ក្រុមឧទ្ទាម Tuareg បាននិយាយថា ពួកគេបានសម្លាប់សមាជិក Wagner យ៉ាងតិច ៨៤នាក់ និងទាហានម៉ាលី ៤៧នាក់ ក្នុងអំឡុងពេលថ្ងៃនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។ នេះត្រូវបានគេចាត់ទុកថា បរាជ័យធ្ងន់ធ្ងរបំផុតរបស់ Wagner ចាប់តាំងពីកម្លាំងនេះចូលមកប្រទេសម៉ាលីកាលពីពីរឆ្នាំមុន ដើម្បីគាំទ្ររដ្ឋាភិបាលយោធាក្នុងការដោះស្រាយជាមួយក្រុមឧទ្ទាម។
ប្រទេសម៉ាលី និងនីហ្សេរីយ៉ា ចោទអ៊ុយក្រែនថាបានគាំទ្រអំពើភេរវកម្មអន្តរជាតិ។ ក្រុងកៀវបានបដិសេធដោយនិយាយថា ការចោទប្រកាន់ទាំងនេះគ្មានមូលដ្ឋាននិងមិនពិត។ ក្រុមឧទ្ទាម Tuareg ក៏បានបញ្ជាក់ដែរថា ពួកគេមិនទទួលបានការគាំទ្រណាមួយពីអ៊ុយក្រែនទេ៕ ដោយធីរីណា
រូបថត: Reuters