ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវ ថ្លែងអំណរគុណមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បានចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ក្រុមអគតិចង់ផ្ដួលរំលំរាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងអំណរគុណចំពោះមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ បានចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ក្រុមអគតិនៅក្រៅប្រទេសមួយចំនួនតូច បានធ្វើការញុះញង់ប្រជាពលរដ្ឋនៅក្នុងស្រុក ឱ្យនាំគ្នាក្រោកឈរប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដោយយកលេសរឿងតំបន់អភិវឌ្ឍន៍ CLV ជាមួយប្រទេសជិតខាង។

ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីរាជការ ក្នុងស្រុកសំរោង នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤នេះ លោក អភិបាលខេត្តតាកែវ បានថ្លែងបន្តថា ក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅប្រទេស ក្រៅតែពីញុះញង់អូសទាញប្រជាពលរដ្ឋឱ្យក្រោកឈប្រឆាំងជាមួយរាជរដ្ឋាភិបាល ពួកគេក៏បានធ្វើការអូសទាញមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធឱ្យចូលរួមជាមួយពួកគេដែរ ក៏ប៉ុន្តែមន្រ្តីរាជការរបស់យើង ជាពិសេសកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មិនចាញ់បោកការឃោសនា និងញុះញង់របស់ក្រុមប្រឆាំងទាំងនោះទេ ផ្ទុយទៅវិញមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ បានគាំទ្រយ៉ាងពេញទំហឹងទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានចូលរួមបង្រ្កាប និងទប់ស្កាត់មនុស្សមួយចំនួនតូចនៅក្នុងប្រទេស ដែលចាញ់បោកតាមការញុះញង់របស់ក្រុមប្រឆាំងនៅក្រៅប្រទេសថែមទៀតផង។

លោក វ៉ី សំណាង បានថ្លែងបន្តថា មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ មានការយល់ដឹងច្បាស់លាស់ពីការដឹកនាំប្រទេសដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដោយជឿជាក់ថា រាជរដ្ឋាភិបាល មិនដឹកនាំប្រទេសធ្វើឱ្យបាត់បង់ទឹកដីនោះទេ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល បានដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានប្រែក្លាយតំបន់អភិវឌ្ឍន៍ CLV ឱ្យមានការរីកចម្រើនគ្រប់បែបយ៉ាង ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន ស្ពាន វត្តអារ៉ាម ជាពិសេសការអភិវឌ្ឍន៍ផ្លូវនៅជាប់ព្រំដែន ដែលមានផ្លូវខ្វែងខ្វាត់អាចធ្វើដំណើរបានយ៉ាងងាយស្រួល៕

ដោយ ៖ សិលា


ចែករំលែក៖