ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ ប្រុសស្រី៤នាក់ ភ័យព្រលឹងចុងសក់ខណៈរថយន្តបុកជាមួយម៉ូតូនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានបុរសម្នាក់ស្លាប់និង ប្រុសស្រី៤នាក់ ភ័យព្រលឹងចុង សក់ គ្រប់ៗគ្នា ខណៈរថយន្តបុកជាមួយម៉ូតូ បញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ នៅក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១និង៤៧នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៤៨-១៤៩ ស្ថិតក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ ចាន់ ប៊ុនធឿន  អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅភូមិ ត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដា C125 ពណ៌ក្រហម គ្មានស្លាកលេខ ។

ចំណែកអ្នកបើកបររថយន្ត ត្រូវបានស្គាល់ ឈ្មោះ វង្ស រក្សា ភេទប្រុស ២១ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរ ទីលំនៅបច្ចុប្បន្នភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងក្រោយឃើញសភាពការណ៍មិនស្រួលបាន រត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុនិងអ្នករួមដំណើរ៤នាក់មានឈ្មោះ១.ឈ្មោះ ZHOU SAUNZI ភេទ ស្រី អាយុ២១ ឆ្នាំ ជនជាតិ ចិន មុខរបរ លក់ដូរ ,២.ឈ្មោះLIAO QUNBIO ភេទ ប្រុស អាយុ៤៨ ឆ្នាំ ជនជាតិ ចិន មុខរបរ លក់ដូរ, ៣.ឈ្មោះZHOU YIQI ភេទ ស្រី អាយុ២៩ឆ្នាំ ជនជាតិ ចិន មុខរបរ លក់ដូរ,៤.ឈ្មោះWEI RUIDONG ភេទ ប្រុសអាយុ៣០ឆ្នាំ ជនជាតិ ចិន មុខរបរ លក់ដូរ (ទាំង៤នាក់គ្មានរងបួស)។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2W-1117 និងអ្នករួមដំណើរ៤នាក់ក្នុងទិសដៅ ពីកើតទៅលិចខណៈ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ខ្វះការប្រុងប្រយ័ត្ន ក៏បុកជាមួយម៉ូតូម៉ាកហុងដា C125 ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរបញ្ច្រាសទិសគ្នាយ៉ាងពេញមួយទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នករបួសធ្ងន់ ត្រូវបានបញ្ជួនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ ប៉ុន្តែអកុសល បានស្លាប់នៅលើរថយន្តបាត់ទៅហើយ។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕

ដោយ៖ សុថាន


ចែករំលែក៖