ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី ពូទីន ៖ ចិន រុស្ស៊ី បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

ចែករំលែក៖

កាលពីថ្ងៃទី ២១ ខែសីហា ប្រធានាធិបតីពូទីន បានទទួលស្វាគមន៍ នាយករដ្ឋមន្ត្រីចិននៅវិមានប្រធានាធិបតី ក្នុងទីក្រុងមូស្គូ ។
ក្នុងជំនួបនេះ លោក ពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសរបស់យើងមានផែនការនិងគម្រោងរួមគ្នាទ្រង់ទ្រាយធំ ទាំងក្នុងវិស័យសេដ្ឋកិច្ច និងមនុស្សធម៌ ហើយយើងរំពឹងថា ទំនាក់ទំនងទាំងនេះនឹងបន្តរាប់ឆ្នាំទៅមុខទៀត»។
នាយករដ្ឋមន្ត្រីចិន លោក លី ឃឺឈាង បានថ្លែងមុននេះថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចធ្វើការជាមួយរុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់ជ្រុងជ្រោយ។ ជំនួបនេះបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងរុស្ស៊ី និងចិន នៅពេលដែលទំនាក់ទំនងរបស់ប្រទេសទាំងពីរជាមួយលោកខាងលិច កំពុងតានតឹងខ្លាំង។
កន្លងមក លោកនាយករដ្ឋមន្ត្រី លី មានជំនួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin។ នៅក្នុងជំនួបនោះ លោក Mishustin បាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង កំពុងដើរលើផ្លូវត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រកួតប្រជែងមិនយុត្តិធម៌ពីលោកខាងលិច។
យោងតាមនាយករដ្ឋមន្ត្រីរុស្ស៊ី “ប្រទេសលោកខាងលិចដាក់ទណ្ឌកម្មខុសច្បាប់ក្រោមលេសផ្សេងៗ ដែលត្រូវបានចាត់ទុកថាជាការប្រកួតប្រជែងមិនយុត្តិធម៌។ ពួកគេកំពុងព្យាយាមរក្សាការត្រួតត្រាពិភពលោកដើម្បីទប់ស្កាត់សក្ដានុពលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់រុស្ស៊ី និងចិន» ។
ចំណែកប្រទេសចិនវិញ លោក Li បាននិយាយថា ទីក្រុងប៉េកាំងសង្ឃឹមថានឹងរក្សាទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយទីក្រុងមូស្គូ និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Sputnik)


ចែករំលែក៖