ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកឌីជីថលនិងផ្សព្វផ្សាយអប់រំ សហការជាមួយអគ្គស្នងការដ្ឋានគរបាលជាតិ នារសៀលថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤នេះ បានបញ្ជូនខ្លួនជនសង្ស័យចំនួន០១រូបទៀតទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ខណៈជនសង្ស័យចំនួន០២រូបទៀតបានបញ្ជូនខ្លូនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ពាក់ព័ន្ធករណីព្យាយាមវាយប្រហារមកលើគេហទំព័រក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និងបានចូលរួមសកម្មភាពគាំទ្របច្ចេកទេសក្នុងចលនាបំផុសបំផុលប្រឆាំងគម្រោង CLV-DTA។
ការឃាត់ខ្លួនជនសង្ស័យទាំង ០៣រូបនេះ ត្រូវបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពស់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានបញ្ជាឱ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការស៊ើបអង្កេតស្រាវជ្រាវលើមុខសញ្ញាជនសង្ស័យទាំង៣រូបនេះ រហូតឈានដល់ការឃាត់ខ្លួនបញ្ជូនទៅតុលាការក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យទាំង ០៣រូប បានសារភាពថា ខ្លួនពិតជាបានបង្កើតក្រុមបំផុលបំផុលផ្តល់បច្ចេកទេសចូលរួមក្នុងចលនាប្រឆាំងគម្រោង CLV-DTA និងព្យាយាមវាយប្រហារមកលើគេហទំព័ររបស់ស្ថាប័នរដ្ឋាភិបាលកម្ពុជាពិតប្រាកដមែន ហើយបច្ចុប្បន្នសំណុំរឿង និងជនសង្ស័យទាំង ០៣រូបនេះ ត្រូវបានប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ផងដែរ។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានប្រើប្រាស់បច្ចេកទេស (DDoS) ដើម្បីធ្វើការវាយប្រហាររំខានដល់ដំណើរការគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថាប័នរាជរដ្ឋាភិបាលមួយចំនួន ប៉ុន្តែមិនមានការជ្រៀតចូល ឬប៉ះពាល់ដល់ទិន្នន័យណាមួយនោះទេ។ បន្ទាប់ពីកើតហេតុភ្លាមៗ នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកឌីជីថលនិងផ្សព្វផ្សាយអប់រំ បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បើកការស្រាវជ្រាវ ស៊ើបអង្កេត ក្រោមការសម្របសម្រួលពី លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣រួមមាន (១) ឈ្មោះ ស.គ.ហ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស, (២) ឈ្មោះ ថ.ស.រ.ព ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស, និង (៣) ឈ្មោះ ល.ម.ឃ ជនជាតិខ្មែរ មុខរបរសិស្ស។ បន្ទាប់ពីសមត្ថកិច្ចបានសាកសួរ ជនសង្ស័យទាំង០៣រូបខាងលើរួចមក, ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបង្កើតឆានែលតេឡេក្រាម មានឈ្មោះ “Victim Leaked Cambodia VLC” ដើម្បីប្រើប្រាស់បំផុសបំផុលការចូលរួមវាយប្រហារ (DDoS) ទៅលើគេហទំព័ររបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាពិតប្រាកដមែន។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រសួងមហាផ្ទៃ សូមក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋទូទៅ ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ និងពិនិត្យពិចារណារលើខ្លឹមសារ ប្រភព ឱ្យបានច្បាស់លាស់មុនពេលបញ្ចេញមតិយោបល់ ឬចែករំលែកដែលអាចផ្តល់ផលបះពាល់ដល់សិទ្ធអ្នកដទៃ ស្ថេរភាពសង្គម ព្រមទាំងអាចពាក់ព័ន្ធនឹងទោសទណ្ឌតាមផ្លូវច្បាប់ផងដែរ៕
ដោយ៖តារា