ភ្នំពេញ÷នៅរសៀលថ្ងៃទី២២ខែសីហាឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជានាយឧត្តមសេនីយ គន់ គីម ទេសរដ្ឋមន្រ្ដី ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់ក្នុងជួររាជរដ្ឋាភិបាល ជាប្រតិបត្តិករបម្រើការជូនអតីតយុទ្ធជនបានបើកកិច្ចប្រជុំមួយស្តីពី វឌ្ឍនភាពលើការ ងារសំខាន់ៗរបស់សមាគមអតីតយុទ្ធជនកម្ពុជា ក្នុង រយៈពេល ១ឆ្នាំដំបូង នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
គូររំលឹកថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន ជាប្រធានស.អ.ក. និងក្នុងឱកាសបិទមហាសន្និបាត តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២ និងស្របទៅតាមគោលនយោ បាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា និងជាគណៈអចិន្ត្រៃយ៍នៃ គណៈកម្មា ធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់គណៈជំនាញ និងគណៈកម្មាធិការ ស.អ.ក. រាជធានី ខេត្ត បានជំរុញនិងខិតខំអនុវត្តការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលគួរ ជាទីមោទនៈ។
តាមរបាយការណ៏របស់សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងផែនការរយៈពេល ១ឆ្នាំដល់ បច្ចុប្បន្ននេះ សមាគមអតីតយុទ្ធជនកម្ពុជាមានសមាជិកសរុបចំនួន ៨៦.៤៥០ នាក់។ ស.អ.ក.រាជធានី ខេត្ត បានបើកផ្តល់ប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពសមាជិកសមាគម សរុបបានចំនួន ២.០៧៨សព ក្នុងនោះប្រើប្រាស់ថវិការបស់បេឡាមរណសង្គ្រោះ១.៥១១សព និងថវិកាបំពេញ បន្ថែមរបស់សម្តេចតេជោប្រធាន ចំនួន ៥៦៧ សព។ រៀបចំពិធីប្រគល់ផ្ទះចំនួន ១២៥ខ្នង ជូនអតីតយុទ្ធជន អតីតកងកម្លាំង ប្រដាប់អាវុធ និងយុទ្ធមិត្តនៅតាមបន្ទាត់ព្រំដែនខេត្តស្វាយរៀង។ រាជរដ្ឋាភិបាលក៏ បាន សម្រេចផ្តល់សម្បទានដីសង្គមកិច្ច ចំនួន០២ទីតាំង ដែលមានទំហំ ២.៤៩៨ហិចតា ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង សម្រាប់បន្តរៀបចំជាភូមិសន្តិភាព ជូន អតីតយុទ្ធជន និងគ្រួសារ។ ដោយឡែក សម្តេចធិបតីនាយករដ្ឋមន្ត្រីនិងជាគណៈអចិន្ត្រៃយ៍នៃ គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ន និងសប្បុរសជននានា បានឧបត្ថម្ភថវិកាដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ បានចំនួន ៣៤៩ខ្នងបន្ថែមក្នុង ២០២៤នេះ។
ស.អ.ក.បានសាងសង់ផ្ទះចំនួន ៧២ខ្នង ផ្តល់ជូនអតីតយុទ្ធជន នៅខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង.ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំរួមទាំងបានសម្របសម្រួលរៀបចំប្លង់មេស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជីកស្រះ អណ្តូងទឹក និងប្រព័ន្ធទឹកស្អាតនៅតាមតំបន់សម្បទានដីសង្គមកិច្ច។សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន ០៥ខេត្ត រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ។ល។ស.អ.ក. បានប្រកាសទទួល ស្គាល់បន្ថែមនូវសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល អនុប្រធាន អគ្គលេខាធិការរង សមាជិកគណៈអចិន្ត្រៃយ៍ និងផ្លាស់ប្តូរសមាសភាពប្រធានកិត្តិយស ប្រធាន ស.អ.ក.រាជធានី ខេត្ត ដើម្បីរួមគ្នាជាធ្លុងមួយក្នុងការអនវុត្តការងារដើម្បីឧត្តមប្រយោជន៍ ជូនដល់អតីតយុទ្ធជន។
នាយឧត្តមសេនីយ គន់ គីម មានប្រសាសន៍ថា ថ្នាក់ ដឹកនាំ ស.អ.ក កន្លងមកបានចុះជួបសំណេះសំណាលសួរសុខទុក្ខតាមខ្នងផ្ទះ ផ្តល់ការឧបត្ថម្ភជាថវិកានិងសម្ភារៈជូន ដល់អតីតយុទ្ធជននិងគ្រួសារ ដោយផ្ទាល់នៅតាមមូលដ្ឋានពិនិត្យការរស់នៅក្នុងជីវភាពនិងការងារបង្កបង្កើនផងនិងដំណាំរួមផ្សំ ចិញ្ចឹមសត្វជាដើម យ៉ាង សកម្មផុលផុសតាមគ្រប់រូបភាព ដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់ អនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការផ្តល់សេវាពិនិត្យថែទាំព្យាបាលជំងឺដល់អតីតនាយ ទាហាន ថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី នៅពេលមានជំងឺ។
នាយឧត្តមសេនីយបានបន្តថា ស.អ.ក. ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានយកថ្ងៃទិវាអតីតយុទ្ធជនកម្ពុជា ចំថ្ងៃទី២១ មិថុនាជារៀង រាល់ឆ្នាំដើម្បីប្រារព្ធខួបប្រចាំឆ្នាំរបស់ខ្លួន។ ស.អ.ក. បន្តសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិ អតីតយុទ្ធជន និងយុវនីតិសម្បទា ជម្រុញការដោះស្រាយសម្បទានដីសង្គម កិច្ច ដើម្បីបែងចែជូនអតីតយុទ្ធជនដែលក្រីក្រ គ្មានដីបង្កបង្កើនផលពិតប្រាកដ និងបន្តរៀបចំតំបន់សម្បទានដីសង្គមកិច្ច ដែលរាជរដ្ឋាភិបាលផ្តល់ជូនដើម្បីប្រែក្លាយជាភូមិសន្តិភាពអតីតយុទ្ធជន៕