ភ្នំពេញ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចបានលទ្ធផល (Physical Progress)ចំនួន ៦៦,០៦% គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤ គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ខាងមុខនេះ។
គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ អនុវត្តគម្រោង និងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក(WB)ចំនួន ១១០លានដុល្លារអាមេរិកដោយគ្រោងនឹងអនុវត្តចំនួន០៨ឆ្នាំ(២០១៨-២០២៦) អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
ហិរញ្ញប្បទាននេះ មានគោលបំណងសម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ០៤ ប្រវែង១៩៦,១០គីឡូម៉ែត្រ ដោយពង្រីកតួផ្លូវ ជីកប្រឡាយ និងជួសជុលស្ពានចាស់ សាងសង់ស្ពានថ្មី។
ជាមួយគ្នានេះ គម្រោងក៏នឹងធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្លូវថ្នល់ និងបណ្តុះបណ្តាបច្ចេកទេសដល់ស្ថាប័នរដ្ឋ។
កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែមនៃគម្រោងខាងលើ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ និងបានចូលជាធរមានកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨។
លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការ និងប្រធានគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤បានឱ្យដឹងថា គម្រោងស្តារ និងថែទាំផ្លូវជាតិលេខ៤ សរុបប្រវែង១៩៦,១០គីឡូម៉ែត្ររួមមាន៖
១- កំណាត់ទី១៖ គីឡូម៉ែត្រលេខ១៩+៧០០ ដល់គីឡូម៉ែត្រលេខ៦០+០០០ ក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លងមានប្រវែង២៨,៨០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង១១,៥០គីឡូម៉ែត្រ ប្រវែងសរុប៤០,៣០គីឡូម៉ែត្រ ។
២-កំណាត់ទី២៖ គីឡូម៉ែត្រលេខ៦០+០០០ ដល់គីឡូម៉ែត្រលេខ១០១+០០០ ក្នុងខេត្តកំពង់ស្ពឺ។ ផ្លូវ៤គន្លងមានប្រវែង២,៦៨គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៣៨,៣២គីឡូម៉ែត្រ ប្រវែងសរុប៤១,០០គីឡូម៉ែត្រ ។
៣-កំណាត់ទី៣៖ គីឡូម៉ែត្រលេខ១០១+០០០ ដល់គីឡូម៉ែត្រលេខ១៤៣+០០០ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវ៤គន្លងមានប្រវែង០,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤១,៧០គីឡូម៉ែត្រ ប្រវែងសរុប៤២,០០គីឡូម៉ែត្រ ។
៤-កំណាត់ទី៤៖ គីឡូម៉ែត្រលេខ១៤៣+០០០ ដល់គីឡូម៉ែត្រលេខ១៨៦+០០០ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លងមានប្រវែង០,៩៣គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង៤២,០៧គីឡូម៉ែត្រ ប្រវែងសរុប៤៣,០០គីឡូម៉ែត្រ ។
៥-កំណាត់ទី៥៖ គីឡូម៉ែត្រលេខ១៨៦+០០០ ដល់គីឡូម៉ែត្រលេខ២១៥+៨០០ ក្នុងខេត្តព្រះសីហនុ។ ផ្លូវ៤គន្លងមានប្រវែង៧,៣០គីឡូម៉ែត្រ និងផ្លូវ២គន្លងមានប្រវែង២២,៥០គីឡូម៉ែត្រ ប្រវែងសរុប២៩,៨០គីឡូម៉ែត្រ ។
៦- កញ្ចប់ទី៦៖ គីឡូម៉ែត្រលេខ៤៨+៦៩៥ ដល់គីឡូម៉ែត្រលេខ២០២+៦៨៨ ជួសជុលស្ពានចាស់ចំនួន២៤ លូប្រអប់ចំនួន៨ លូមូលចំនួន៩ និងផ្លាស់ប្តូរគ្រឿងបង្គុំស្ពានចាស់ចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ កោះកុង ខេត្តព្រះសីហនុ។
៧-កញ្ចប់ទី៧៖ គីឡូម៉ែត្រលេខ៣៨+០៧៦ ដល់គីឡូម៉ែត្រលេខ២០៤+៩៧៣ សាងសង់ស្ពានថ្មីចំនួន៨ ក្នុងខេត្ត កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ៕
ដោយ ៖ សិលា