ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ : ជារៀងរាល់ខែ នៅក្នុងសប្តាហ៍ទី៤ ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តរបបប្រជុំប្រចាំខែរបស់ខ្លួន។ ជាក់ស្តែង នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និង មន្ទីរមុខងារសាធារណៈ រាជធានី-ខេត្តទាំង២៥(តាមប្រព័ន្ធអនឡាញ)។

នៅក្នុងកិច្ចស្វាគមន៍ និងបើកអង្គប្រជុំ លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ គម្រប់ខួប១ឆ្នាំ នៃការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលបានរួមចំណែកកសាងបានសមិទ្ធផលជាច្រើនក្នុងរយៈ១២ខែ រហូតទទួលបានការសាទរគួរជាទីមោទនៈពីសំណាក់មហាជន និងប្រជាពលរដ្ឋ។

នៅក្នុងខែសីហា ឆ្នាំ២០២៤ នេះ ក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី បានដឹកនាំប្រកបដោយឆន្ទៈខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឈ្លាសវៃ ហ្មត់ចត់ មានចក្ខុវិស័យនិងទស្សនៈវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងដោយមានការគាំទ្រអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ជាពិសេសការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់រដ្ឋបាលសាធារណៈដោយសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនរួមមាន៖ ១)ការរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៣ ២)ការរៀបចំ និងកែលម្អរចនាសម្ព័ន្ធក្រសួង ស្ថាប័ន តាមរយៈការអនុវត្តការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ៣)ការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៤)ការពង្រឹងការគ្រប់គ្រងការវិវឌ្ឍអាជីពរបស់មន្ត្រីរាជការ ៥)ការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន ៦)ការកែលម្អការផ្តល់សេវាសាធារណៈ ៧)ការកែទម្រង់ប្រព័ន្ធបៀវត្ស ដើម្បីបង្កើនប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភ និងរបបសន្តិសុខសង្គម និង ៨)ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់ និងក្រៅតំបន់រួមទាំងជាមួយដៃគូអភិវឌ្ឍន៍នានា។

កិច្ចប្រជុំបានផ្តល់ព័ត៌មាន និងវឌ្ឍនភាពជាច្រើនដល់ប្រជុំ តាមរយៈរបាយការណ៍ការងារ ការចូលរួមជាធាតុចូលពីថ្នាក់ដឹកនាំ និងពីមន្ទីរមុខងារសាធារណៈតាមប្រព័ន្ធអនឡាញផងដែរ៕

ដោយ : សិលា


ចែករំលែក៖