ព័ត៌មានទាន់ហេតុការណ៍៖

ប្រើកាំបិតចាក់ក្នុងពិធីបុណ្យមួយក្នុងប្រទេសអាល្លឺម៉ង់ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស 3 នាក់បានស្លាប់ និង 4 នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហារដោយកាំបិតនៅឯ “ពិធីបុណ្យចម្រុះជាតិសាសន៍ ” នៅទីក្រុង Solingen ភាគខាងលិចប្រទេសអាល្លឺម៉ង់។
យោងតាម CNN ប៉ូលិសបាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល 10:00 យប់ថ្ងៃទី 23 ខែសីហា (ម៉ោងក្នុងតំបន់) នៅជិតឆាកខណៈពេលដែលសកម្មភាពតន្ត្រីកំពុងសម្តែងនៅក្នុងពិធីបុណ្យ។ បុរសមិនស្គាល់អត្តសញ្ញាណបានវាយ ចាក់មនុស្សជាច្រើននាក់រួចរត់គេចខ្លួនបាត់។
ការស៊ើបអង្កេតដំបូង ប៉ូលិសបានវាយតម្លៃថា “នេះគឺជាការវាយប្រហារចំគោលដៅ”។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវជាទ្រង់ទ្រាយធំតាមចាប់ជនដៃដល់ ។
អភិបាលក្រុង Solingen លោក Tim-Oliver Kurzbach មានការភ្ញាក់ផ្អើលចំពោះការវាយប្រហារនេះ។ គាត់បានសរសេរនៅលើបណ្តាញសង្គមថា “យប់នេះ ពួកយើងទាំងអស់គ្នានៅក្នុងទីក្រុង Solingen បានជួបប្រទះនូវភាពតក់ស្លុត រន្ធត់ និងសោកសៅយ៉ាងជ្រាលជ្រៅ” ។
គាត់បាននិយាយទាំងក្រៀមក្រំថា “ឥឡូវនេះ យើងត្រូវកាន់ទុក្ខអ្នកស្លាប់ និងអ្នករងរបួស ខ្ញុំស្រក់ទឹកភ្នែកដោយគិតដល់អ្នកដែលបានស្លាប់ ខ្ញុំអធិដ្ឋានសម្រាប់អ្នកដែលនៅតែតស៊ូដើម្បីរស់ឡើងវិញ”។
Solingen មានទីតាំងនៅរដ្ឋ North Rhine-Westphalia ដែលជារដ្ឋមានប្រជាជនច្រើនជាងគេក្នុងប្រទេសអាល្លឺម៉ង់ និងមានព្រំប្រទល់ជាប់ប្រទេសហុល្លង់។ “ពិធីបុណ្យចម្រុះជាតិសាសន៍ គឺជាព្រឹត្តិការណ៍រយៈពេល 3 ថ្ងៃដើម្បីរំលឹកខួបលើកទី 650 នៃការបង្កើតទីក្រុង៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖