ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានស្ត្រីម្នាក់ ស្លាប់និងរងរបួសធ្ងន់២នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងយប់តែមួយនៅក្នុងក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១៖ នៅវេលាម៉ោង៧និង៥៤នាទីយប់ ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រ១៦១-១៦២ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មាន ម៉ូតូ០១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Y 5148 បើកបរដោយឈ្មោះ ជាន់ ចូច ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិ សំពណ៌ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ធ្វើដំណើរពីកើតទៅលិចស្រាប់តែមាន ម៉ូតូ១គ្រឿងម៉ាក ស៊ុយសូគីនិច ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1CW 9168 បើកបរដោយឈ្មោះ មុំ គឹមហ៊ាង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មកររោងចក្រ រស់នៅភូមិ ស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយ័ត្នក៏បុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យស្ត្រីកម្មការិនីរោងចក្រស្លាប់គួរឱ្យសង្វេគបំផុត។
ចំណែកអ្នក រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច បញ្ជួនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯសព ស្ត្រីដែលស្លាប់ សមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។
ករណីទី២ ៖ បានកើតឡើងនៅវេលាម៉ោង១០ និង០៥យប់ នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦២-១៦៣ ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានរថយន្ត០១គ្រឿងម៉ាក LEXUS RX 330 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AN-6612 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរ ទិសដៅពីជើងទៅត្បូង ឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1M-1228 បើកបរដោយឈ្មោះ ឈិន ឡង់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទិសដៅពីលិចទៅកើត បុកចំពីចំហៀង បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម ។
ចំពោះមធ្យោបាយធ្វើដំណើរ រថយន្ត និងម៉ូតូ សមត្ថកិច្ចវាស់វែង និងអូសយកមករក្សាទុកជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ។
មូលហេតុ ដោយសារតែ អ្នកបើកបររថយន្តឆ្លងកាត់ថ្នល់ ខ្វះការប្រុងប្រយ័ត្ន ៕
ដោយ៖ សុថាន