ភ្នំពេញ ៖ ការស្វែងយល់ពីជម្ងឺនៅ ត្រចៀក ច្រមុះ និងបំពង់ក ជាសរីរៈ សំខាន់ បី នៅផ្នែកខាងលើនៃផ្លូវដង្ហើមនិងផ្លូវអាហារហើយមានតួនាទីសំខាន់ៗជាច្រើនក្នុងជីវិតរស់នៅរបស់មនុស្ស។ ជាពិសេសច្រមុះជាច្រកសំខាន់ដំបូងគេនៃផ្លូវដង្ហើមផ្នែកខាងលើ ប្រៀបដូចជាផ្លូវខ្យល់សម្រាប់ដកដង្ហើមផងនិងជារបាំងមួយជួយការពារផ្លូវដង្ហើមទាំងមូលពីមេរោគក៏ដូចជាក្លឹនឬសារធាតុផ្សេងៗ ដែលអាចប៉ះពាល់ដល់សុខភាពយើង ហើយក៏ជាកន្លែងទទួលឃានវិញ្ញាណដែរ(ការដឹងក្លឹន)។ ដូច្នេះបើច្រមុះមានជម្ងឺ សូមបងប្អូនឆាប់មកពិនិត្យនិងទទួលការព្យាបាលឱ្យទាន់ពេលវេលា ចៀសវាងការវិរត្តទៅជាសភាពរ៉ាំរ៉ៃនិងធ្ងន់ធ្ងរ។ ត្រចៀកក៏ជាសរីរាង្គដែលទទួលញាណមួយសំខាន់របស់យើងគឺ សោតវិញ្ញាណ(ការស្តាប់ឮ) ការថយចុះការស្តាប់ឬថ្លង់ ធ្វើឱ្យមានបញ្ហាក្នុងការទំនាក់ទំនងក្នុងសង្គមដែលជាហេតុធ្វើឱ្យគាត់ឈានទៅរកភាពឯកកោរដោយសារពិបាកក្នុងការប្រាស្រ័យទាក់ទងក្នុងសង្គម។ រីឯបំពង់ ក វិញក៏ជាផ្លូវមួយទៀតសម្រាប់តភ្ជាប់ពីច្រមុះទៅបំពង់ខ្យល់ផង និងពីមាត់ទៅបំពង់អាហារផង (ផ្លូវបំបែកជាបួន ) បើបំពង់កមានជម្ងឺនោះ ប្រាកដណាស់នឹងមានបញ្ហាដល់ការញ៉ាំអាហារនិងការដកដង្ហើមផង ដូច្នេះ សូមបងប្អូនកុំធ្វេសប្រហែស ចំពោះវិបត្តផ្សេងៗ ដែលកើតមាននៅលើសរីរាង្គទាំងបីនេះ។
ជាមួយការធ្វើទំនើបកម្មនៃជំនាញ ឯកទេសផ្សេងៗ ក្នុងមន្ទីរពេទ្យកាល់ម៉ែត ផ្នែកត្រចៀកច្រមុះនិងបំពង់ក ក៏បានពង្រឹងនិងពង្រីក សមត្ថភាពក្នុងការផ្តល់សេវា អោយកាន់តែស៊ីជម្រៅនិងច្បាស់លាស់ ដោយបានបំពាក់នូវសម្ភារៈ ពិគ្រោះ និងព្យាបាល រួមបញ្ចូលគ្នា ( ENT treatment unite ) សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺត្រចៀកច្រមុះ និងបំពង់ក ឲ្យកាន់តែមានប្រសិទ្ធភាព។ សម្ភារៈដែលបំពាក់នេះ នឹងផ្តល់ជាគុណប្រយោជន៍ដល់ផ្នែក ជាពិសេស ជំនាញ ឯកទេស ត្រចៀកច្រមុះ និងបំពង់ក និងការបណ្តុះបណ្តាល ប្រកបដោយគុណភាព និងចូលរួមអភិវឌ្ឍន៍មន្ទីរពេទ្យ ក្នុងដំណើរការបំរើសេវា សុខភាពសាធារណៈជូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាជនបរទេស ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាយើង៕
ដោយ ៖ សិលា