ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះចុះពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥត គិតថ្លៃមកពីគ្រប់មជ្ឈដ្ឋាន

ចែករំលែក៖

ខេត្តក្រចេះ÷ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមសហការជាមួយអាជ្ញាធរក្រុង សង្កាត់ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃមកពីគ្រប់មជ្ឈដ្ឋានបានចំនួនជាង ៥០០នាក់នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នេះនៅក្នុងបរិវេណសាលាបឋមសិក្សានិងអនុវិទ្យាល័យកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

នេះជាកិច្ចបើកដំណើរការជាផ្លូវការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះនឹងបន្តបេសកកម្មចុះជួយពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុងស្រុកផ្សេងទៀតរបស់ខេត្តក្រចេះ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងថារាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភាបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ។ ការផ្តល់សេវាព្យាបាលជំងឺដោយឥតគិតថ្លៃនៅពេលនេះជាការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារចំពោះសុខភាពប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ។

«សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចជាកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាន

ដាក់ចុះនូវវិធានការចាំបាច់នានាដើម្បីដោះស្រាយកង្វល់ទាំងនេះ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះសុខុមាលភាពប្រជាពលរដ្ឋជាអាទិភាពមួយចំណោមកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥ ដែលដាក់ចុះភ្លាមៗដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលឡើងដឹកនាំរាជរដ្ឋាភិបាល»។ នេះជាការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅក្រុងក្រចេះក្នុងឱកាសចូលរួមជាអធិបតីបើកកម្មវិធីផ្តល់សេវាប្រឹក្សានិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងក្រុងក្រចេះ ខេត្តក្រចេះ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមសហការជាមួយអាជ្ញាធរក្រុង សង្កាត់ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃមកពីគ្រប់មជ្ឈដ្ឋានបានចំនួនជាង ៥០០នាក់នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នេះនៅក្នុងបរិវេណសាលាបឋមសិក្សានិងអនុវិទ្យាល័យកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់វេជ្ជបណ្ឌិត សៅ សំបូរ តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោករដ្ឋមន្ត្រី នេត្រ  ភក្ត្រា បានប្រគល់កៅអីដកធ្មេញចល័តចំនួន ២គ្រឿងដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។ ការពិនិត្យព្យាបាលបានចាប់ផ្តើមនៅវេលាម៉ោង៨: ៣០នាទី រហូតដល់ម៉ោង១២ :០០នាទី ក្រោមបរិយាកាសស្និទ្ធស្នាលនិងទិដ្ឋភាពសកម្មសស្រាក់សស្រាំ ទទួលបានលទ្ធផលដូចតទៅ៖ ពិនិត្យព្យាបាលជំងឺទូទៅបាន.១៩៧នាក់ ស្រី១២៧នាក់ ពិនិត្យព្យាបាលជំងឺកុមារបាន ៧០នាក់ ស្រី ៣៦នាក់ ពិគ្រោះនិងវះកាត់តូចបាន២១នាក់ ស្រី ៨នាក់ ពិនិត្យអេកូស្ត្រីផ្ទៃពោះ១១នាក់ ដកធ្មេញបាន ៦៥នាក់ ស្រី ៣៤នាក់ វាស់ភ្នែកចែកជូនវ៉ែនតាបាន ២០៣នាក់ ស្រី ១២០នាក់។ សរុបរួម ៥៦៧នាក់ ស្រី៣៣៦នាក់។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងារចុះ មូលដ្ឋានខេត្តក្រចេះបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមហ៊ុនឱសថ ម្ចាស់បរិក្ខាពេទ្យដែលបានចូលរួមឧបត្ថម្ភក្នុងសកម្មភាពមនុស្សធម៌នេះដើម្បីក្រុមការងារគ្រូពេទ្យស្មគ្រចិត្តមានលទ្ធភាពពិនិត្យព្យាបាល។ លោកបានថ្លែងអំណរគុណចំពោះវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មានរួមនឹងក្រុមគ្រូពេទ្យស្មគ្រចិត្ត មន្ទីរសុខាភិបាលដែលបានខិតខំប្រឹងប្រែងដើម្បីផ្តល់ការពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលនេះ៕


ចែករំលែក៖