ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី វូ សុភៈទេវី វង្សីវិស្សុត បានអញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅប្រាសាទសំបូរព្រៃគុក

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោកស្រី វូ សុភៈទេវី វង្សីវិស្សុត អមដំណើរដោយលោកស្រី លំ គន្ធារី អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងក្រុមការងារថ្នាក់ខេត្តកំពង់ធំ កងកម្លាំងទាំងបី និងក្រុមការងារថ្នាក់ស្រុក បានអញ្ជើញក្នុងពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅប្រាសាទសំបូរព្រៃគុក ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្ដកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ០៦រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ លោកស្រី វូ សុភៈទេវី វង្សីវិស្សុត មានប្រសាសន៍ថា ប្រជាពលរដ្ឋគ្រប់រូប អាចប្រារព្ធពិធីសាសនាទៅតាមជំនឿរៀងៗខ្លួន ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កត្តាសុខសន្តិភាពក៏បានក្លាយជាកត្តាជំរុញនូវល្បឿននៃការអភិវឌ្ឍ តាមការយ: នៃការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា សំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ គ្នាត្រូវចេះរួមសាមគ្គីគ្នា ថែរក្សានិងអភិរក្សប្រាសាទបុរាណ ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ ទុកសម្រាប់ជាការសិក្សាស្រាវជ្រាវដល់ កូនចៅជំនាន់ក្រោយៗទៀត និងជួយថែរក្សាសម្បត្តិវប្បធម៌ប្រពៃណីជាតិខ្មែរឱ្យបានស្ថិតស្ថេរ គង់វង្សបានយូរអង្វែង។

លោកស្រី វូ សុភៈទេវី វង្សីវិស្សុត ក៏បានឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់ជំនាន់ បុព្វបុរសកសាងប្រាសាទសំបូរព្រៃគុក សូមតាមជួយបីបាច់ថែរក្សា និងប្រទានពរជ័យប្រគេនពរដល់ ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោល លោកស្រី ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា។ សូមឱ្យប្រទេសជាតិ រួចផុតពី ជំងឺដង្កាត់ គ្រោះកាចចង្រៃ មានទឹកភ្លៀងគ្រប់គ្រាន់ តាមរដូវកាល ទទួលបានទេសចរណ៍ច្រើន និងអ្នកវិនិយោគទុនកាន់តែកើនឡើង កសិផលទទួល បានទិន្នផលខ្ពស់ ដើម្បីជាកត្តាចូលរួម ចំណែកដល់កិច្ចអភិវឌ្ឍជាតិលើគ្រប់វិស័យ ៕

ដោយ ៖ សិលា


ចែករំលែក៖