ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្រូ គឺជាគម្រូផង និងជាអ្នកអប់រំចំណេះដឹង គុណតម្លៃ និងឥរិយាបថផង

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលនាឱកាសចុះពិនិត្យវឌ្ឍនភាពនៃការជំរុញអនុវត្តន៍វិធានការគន្លឹះវិស័យអប់រំ នៅសាលាបឋមសិក្សាត្រពាំងក្អែក នៅភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំអប់រំបណ្តុះបណ្តាលនៅក្នុងកម្មវិធីថ្មីនេះ ហើយសម្តេចបានថ្លែងថា គ្រូគឺជាគម្រូសម្រាប់សិស្សានុសិស្សផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយសារបច្ចេកវិទ្យាកាន់តែរីកចម្រើន ហើយការទទួលព័ត៌មាន ក៏មានប្រភពច្រើន ដែលប្រការនេះធ្វើឱ្យសិស្សានុសិស្ស ទទួលបានព័ត៌មានច្រើនទាំងល្អ ទាំងមិនល្អ ដែលទាមទារឱ្យគ្រូ ត្រូវចូលរួមណែនាំទាំងចំណេះដឹង គុណតម្លៃ និងឥរិយាបថផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាពការសប្បាយរីករាយចំពោះវឌ្ឍនភាពក្នុងរយៈពេល៣ខែកន្លងមកនេះ ដែលជាចំណុចចាប់ផ្តើមមួយដ៏ល្អសម្រាប់កំណែទម្រង់វិស័យអប់រំរបស់កម្ពុជាប្រកបដោយនិរន្តរភាព ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ការអប់រំបណ្តុះបណ្តាល ត្រូវមានការសហការគ្នារវាងឪពុកម្តាយ ជាមួយលោកគ្រូ អ្នកគ្រូ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ឪពុកម្តាយអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់ការគាំទ្រនិងជឿជាក់លើការអប់រំនៅក្នុងកម្មវិធីបន្ថែមម៉ោងថ្មីនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបង្រៀនថែមម៉ោងចំនួន២ម៉ោងនេះដែរ បានធ្វើឱ្យសិស្សានុសិស្សមានពេលសិក្សាបានច្រើនជាងមុន ជាជាងការយកពេលវេលាដែលនៅសេសសល់ទៅចំណាយឥតប្រយោជន៍ ព្រមទាំងបានសិក្សាយកចំណេះបានច្រើនជាងមុនផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ៖ ការអប់រំបណ្តុះបណ្តាលនេះ គឺត្រូវមានការសហការគ្នារវាងឪពុកម្តាយអាណាព្យាបាលនៅផ្ទះ ជាមួយលោកគ្រូ អ្នកគ្រូនៅសាលារៀន សំដៅធ្វើយ៉ាងណាឱ្យសិស្សទទួលបានការអប់រំពេញលេញ និងម៉្យាងទៀតដើម្បីឱ្យឪពុកម្តាយនិងគ្រូមានការចូលរួមទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖