ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារប្រយុទ្ធនឹងជំងឺឆ្លង ចុះពិនិត្យនៅព្រលានយន្តហោះអន្តរជាតិតាមបណ្ដារាជធានី-ខេត្តមួយចំនួន អំពីបញ្ហាជំងឺឆ្លងនានា ជាពិសេសជំងឺឆ្លងថ្មីអឹមផក

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា ដេីម្បីទប់ស្កាត់ជំងឺឆ្លងនានា ជាពិសេសជំងឺឆ្លងថ្មីអឹមផក ក្រុមការងារប្រយុទ្ធនឹងជំងឺឆ្លង បានយកចិត្តទុកដាក់ចុះពិនិត្យនៅតាមព្រលានយន្តហោះអន្តរជាតិរាជធានី-ខេត្តមួយចំនួន ដែលមានប្រលានយន្តហោះ។

ប្រភពដដែលបន្តថា លោក ក្រស សារ៉ាត់ ទីប្រឹក្សាក្រសួង និងជានាយកមន្ទីរសុខាភិបាល និងក្រុមការងារប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយមន្ត្រីគ្រប់គ្រងអាកាយានដ្ឋានអន្តរជាតិអង្គរ ខេត្តសៀមរាប នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ ២០២៤នេះ បានទៅពិនិត្យកន្លែងច្រកចេញចូលនៅព្រលានយន្តហោះអន្តរជាតិជាពិសេសបានពិនិត្យម៉ាស៊ីនកំដៅ ទាំង៣គ្រឿងដែលមាននៅច្រកចូលព្រលាន នឹងបាន ធ្វើការណែនាំមន្រ្តី ប្រចាំការយកចិត្តទុកដាក់បញ្ហាជំងឺឆ្លងនានា ជាពិសេសជំងឺឆ្លងថ្មីអឹមផក ។

ជាមួយគ្នានេះ លោកស្រី លឹម សាមាន ទីប្រឹក្សាក្រសួង និងជានាយកមន្ទីរសុខាភិបាល និងក្រុមការងារប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយលោកប្រធានគ្រប់គ្រងអាកាយានដ្ឋានអន្តរជាតិកោងកេងខេត្តព្រះសីហនុ បានទៅពិនិត្យកន្លែងច្រកចេញចូលនៅព្រលានយន្តហោះអន្តរជាតិជាពិសេសបានពិនិត្យម៉ាស៊ីនកំដៅ ទាំងពីរដែលមាននៅច្រកចូលព្រលាន នឹងបាន ធ្វើការណែនាំមន្រ្តី ប្រចាំការយកចិត្តទុកដាក់បញ្ហាជំងឺឆ្លងនានា ជាពិសេសជំងឺឆ្លងថ្មីអឹមផក ដែលក្រសួងសុខាភិបាលបានជូនដំណឹង។

សូមជម្រាបថា នាយកដ្ឋាន មិនទាន់រកឃេីញករណីជំងឺ អឹមផក (mpox) ប្រភេទថ្មី Clad 1b ដែលជាមេរោគឆ្លងខ្លាំងនៅឡេីយទេ។ បច្ចុប្បន្ននាយកដ្ឋានកំពុងតាមដានយ៉ាងសកម្មតាមព្រំដែន ចេញ-ចូល ទាំងអស់ និងទូទាំងផ្ទៃប្រទេស ។ សូមបងប្អូនរាយការណ៍ជាបន្ទាន់មកលេខ ១១៥ បេីជួបករណីសង្ស័យ អឹមផក ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ នាយកដ្ឋានធ្លាប់ បានរកឃេីញជំងឺអឹមផកប្រភេទចាស់ (Clade 2) ចំនួន២០ករណី សុទ្ធតែភេទប្រុស និងបានព្យាបាលពីសំណាក់គ្រូពេទ្យជំនាញជាសះស្បេីយទាំងអស់ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕ដោយ៖តារា


ចែករំលែក៖