ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ត្រៀមបញ្ជូនខ្លួនលោកផ្កាយ៣ ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ពាក់ព័ន្ធករណីលក់ដីខ្យល់ ដែលមានទំហំទឹកប្រាក់ជាង ៣លានដុល្លារ ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទីប្រឹក្សាក្រសួងមហាផ្ទៃ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធបណ្ដឹងរបស់ជនរងគ្រោះម្នាក់ដែលបានប្ដឹងចោទប្រកាន់ពីបទ រំលោភទំនុកចិត្ត ប្រេីប្រាស់ឯកសារក្លែងក្លាយ និងក្លែងបន្លំឯកសារសាធារណៈ លក់ដីខ្យល់មានទំហំទឹកប្រាក់ជាង ៣លានដុល្លារអាមេរិក។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះថា៖ លោក ស៊ុន ហួរ ត្រូវបានឃាត់ខ្លួនពីបទឆបោក ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង ដែលមានទឹកប្រាក់ប្រមាណ ៣លាន៦៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។

លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា ជនសង្ស័យឈ្មោះ ស៊ុន ហួរ មានអាយុ៥៥ឆ្នាំ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៦ ខែសីហាម្សិលមិញនេះ ដោយអនុវត្តតាមបញ្ជារបស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងតាមបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

សូមជម្រាបជូនថា លោកឧត្ដមសេនីយ៍ឯក ស៊ុន ហួរ មានតួនាទីជាទីប្រឹក្សាក្រសួងមហាផ្ទៃ ត្រូវបានរងនូវបណ្តឹងចោទប្រកាន់ថាបានយកប្លង់ដីចំនួន៧ប្លង់ទៅដាក់យកប្រាក់ពីដើមបណ្តឹងមាន៣ករណីសរុបទឹកប្រាក់ប្រមាណជាង៣លានដុល្លារអាមេរិក។ ការឃាត់ខ្លួននោះ បន្ទាប់ពីសមត្ថកិច្ចបានកោះអញ្ជើញលោកឲ្យទៅឆ្លើយបំភ្លឺតាមពាក្យបណ្តឹងរបស់ភាគីដើមចោទ។

បើតាមការបង្ហើបឱ្យដឹងពីសមត្ថកិច្ច ប្លង់ដីនោះនៅពេលដាក់តម្កល់យកប្រាក់ គឺឈ្មោះលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ប៉ុន្តែនៅពេលភាគីដើមបណ្តឹងយកទៅផ្ទៀងផ្ទាត់ជាមួយសូរិយោដី ទើបមានការឆ្លើយតបមកវិញថា ជាប្លង់ដីមិនមែនរបស់ឈ្មោះ ស៊ុន ហួរទៅវិញ។ ចំណុចនោះហើយដែលធ្វើឱ្យម្ចាស់ប្រាក់កើតទុកមិនសុខចិត្តប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

បច្ចុប្បន្នកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តនីតិវិធីច្បាប់ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ៕ដោយ៖តារា


ចែករំលែក៖