ភ្នំពេញ ៖ គ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជានឹងមានវត្តមានតាមអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ ។ ដូច្នេះទីផ្សារគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជា នឹងទទួលបញ្ជាទិញនៅក្រៅប្រទេស ជាក្តីបំណងរបស់ប្រជាពលរដ្ឋបានមកដល់ ខណៈ សម្តេចមហាមបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជម្រុញលើវិស័យនេះរកទីផ្សារឱ្យបងប្អូនខ្មែរយើង តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ជាសេនាធិការ។
សូមបញ្ជាក់ថា ៖ លោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួចនៅតាមអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល” កាលព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក វ៉ាន់ ចន្ទី អគ្គនាយកគោលនយោបាយដឹកជញ្ជូនតាមផ្លូវអាកាសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួចចូលទៅកាន់ផ្សារតាមអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល” ក្នុងគោលបំណងសហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីជំរុញផលិតផលស្វាយចន្ទីកម្ពុជា ទៅក្នុងវិស័យអាកាសចរណ៍។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកអគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីជំនាញនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ ក្រុមហ៊ុនផ្តល់សេវាកម្មផ្គត់ផ្គង់អាហារ (Cambodia Air Catering Service) និងក្រុមហ៊ុនកែច្នៃស្វាយចន្ទីកម្ពុជា។
ជាលទ្ធផល តំណាងអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ និងក្រុមហ៊ុនផ្តល់សេវាកម្មផ្គត់ផ្គង់អាហារ បានបង្ហាញពីការគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងពេញទំហឹងលើយន្តការនេះ ក៏ដូចជាជួយជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី៕
ដោយ ៖ សុខ ខេមរា