ព័ត៌មានទាន់ហេតុការណ៍៖

ជើងមាន់បង្កកខុសច្បាប់ចំនួន ២តោន ដែលនាំចូលពីបរទេស ត្រូវបានបង្រ្កាប និងយកមកដុតកម្ទេចចោល

ចែករំលែក៖

ភ្នំពេញ៖ ជើងមាន់បង្កកដែលនាំចូលដោយខុសច្បាប់ចំនួន ២តោន ត្រូវបានមន្រ្តីជំនាញក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ធ្វើការបង្រ្កាបនិងដកហូតយកមកដុតកម្ទេចចោល កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ នៅទីលានចាក់សំរាម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីលោក ហ៊ុន សារ៉ាត់ បានឱ្យដឹងថា ជើងមាន់បង្កកខាងលើនេះ ត្រូវបានក្រុមការងារបង្រ្កាបបានកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ថ្មីៗនេះ ដោយមានការបញ្ជាផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះឃាត់ត្រួតពិនិត្យលើរថយន្ត ១ គ្រឿង ម៉ាក HYUNDIA ពាក់ស្លាកលេខ ភ្នំពេញ 3F-5070 នៅជិតផ្សារទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លើផ្លូវបេតុង។

ប្រភពដដែលបន្តថា ចំពោះការដុតកម្ទេចចោលជើងមាន់បង្កកចំនួន ២ តោនខាងលើនេះ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។ តាមការពិនិត្យជាក់ស្ដែង ផលិតផលសត្វបង្កកទាំងអស់នេះ នាំចូលពីបរទេស ស្តុកទុក និងលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ និងជាផលិតផលបំណែកសាច់បង្កក ដែលក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ចាត់វិធានការផ្អាកធ្វើការនាំចូលជាបណ្ដោះអាសន្នរយៈពេល ០៦ ខែ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ៕ដោយ៖តារា


ចែករំលែក៖