ខេត្តមណ្ឌលគិរី៖ លោកស្រី សេង សុជាតិតា ជានាយិកាក្រុមហ៊ុនមណ្ឌល ខេ រីស៊ត (Mondul K Resort) ដែលកំពុងអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បានឱ្យដឹងថា រមណីយដ្ឋានទឹកជ្រោះប៊ូស្រា នឹងបើកទទួលប្រជាពលរដ្ឋចូលទស្សនាដោយមិនគិតថ្លៃចូលរៀងរាល់ចុងសប្តាហ៍ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤។ នេះជាការបញ្ជាក់ពី អង្គភាព មន្ទីរព័ត៌មាន ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។
អង្គភាព មន្ទីរព័ត៌មាន ខេត្តមណ្ឌលគិរី បន្តថា ៖ ការប្រកាសនេះ គឺជាការចូលរួមគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ នៅភាគឦសាន និងចូលរួមផ្សព្វផ្សាយអំពីសក្កានុពលតំបន់ទេសចរណ៍ និងធម្មជាតិ។ លោកស្រីនាយិការ បានគូសបញ្ជាក់ថា ការអភិវឌ្ឍរមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជាការវិនិយោគក្រោមក្រុមហ៊ុនដែលមានលោកស្រីជាម្ចាស់ចាប់តាំងពីឆ្នាំ២០១៣ មកម្ល៉េះក្រុមហ៊ុនក៏បានចុះកិច្ចសន្យាជាមួយអនុគណៈកម្មការវិនិយោគខេត្តមណ្ឌលគិរី នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥ លើផ្ទៃដីដែលកំពុងគ្រប់គ្រងមានទំហំ ១១៩ហិតា ក្នុងគោលបំណងរៀបចំស្តាររមណីយដ្ឋានឡើងវិញតាមបែបអេកូទេសចរណ៍ និងធម្មជាតិ។ បច្ចុប្បន្នការគ្រប់គ្រងនៃតំបន់រមណីយដ្ឋាននេះ គឺបានស្តារឡើងវិញនូវផលអវិជ្ជមានកន្លងមក គឺស្ថាបនាថ្មីយ៉ាងច្រើន និងបានផ្តល់ការងារដល់អ្នកក្នុងតំបន់ ចំណាកស្រុក និងបងប្អូនជនជាតិភាគតិច សរុបបុគ្គលិកចំនួន៣០នាក់ ផ្តល់កន្លែងធ្វើអាជីវកម្មដល់អាជីវករក្នុងតំបន់ចំនួន ៥៥គ្រួសារ ផ្តល់កន្លែងលក់ដូរជូនជនជាតិភាគតិច ដោយមិនគិតថ្លៃចំនួន ៥០គ្រួសារ។
អង្គភាព មន្ទីរព័ត៌មាន ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ៖ គម្រោងទស្សនកិច្ចនៅក្នុងខេត្តទាំង៤ ជាប់ព្រំដែនជាមួយវៀតណាម និងឡាវ មានគោលដៅបង្ហាញឱ្យប្រជាពលរដ្ឋមើលឃើញពីកិច្ចសហប្រតិបត្តិតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DAT)។ សូមជម្រាបថា ការចូលរួមចំណែកពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទឹកជ្រោះប៊ូស្រា បើកឱ្យប្រជាពលរដ្ឋចូលទស្សនារមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដោយមិនគិតថ្លៃ សម្រាប់ថៃ្ងសៅរ៍ និងថ្ងៃអាទិត្យមានរយៈពេល៤ខែ ដោយគិតចាប់ពីខែកញ្ញា ទៅដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីចូលរួមគាំទ្រគំនិតផ្តូចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅក្នុងខែសីហានេះ ភ្ញៀវទេសចរមកកម្សាន្តខេត្តមណ្ឌលគិរី មានចំនួន ៤០.៧១២នាក់ ក្នុងនោះទេសចរជាតិប្រមាណ ៤០.១៥២នាក់ ទេសចរបរទេសចំនួន៥៦០នាក់។ លោក បញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ សម្រាប់ខេត្តមណ្ឌលគិរី ត្រូវបានភ្ញៀវទេសចរចាប់អារម្មណ៍ខ្លាំង នឹងបានធ្វើដំណើរមកលេងកម្សាន្តកាន់តែច្រើនឡើង ពិសេស នៅរៀងរាល់ចុងសប្ដាហ៍ គឺការធ្វើដំណើរទេសចរបែបរថយន្ត Off Raod របស់ក្រុមមហាគ្រួសារខ្មែរ និងក្រុមគោព្រៃមណ្ឌលគិរី ដោយការកម្សាន្តនោះគឺធ្វើដំណើរតាមបន្ទាត់ព្រំដែនរបស់ខេត្តទាំង៤ ក្នុងភូមិភាគសាន្ត ដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងផ្តល់ជាធម្យោបាយដឹកជញ្ជូន និងម្ហូបអាហារជូនប្រជាពលរដ្ឋទៅកាន់ខេត្តមួយចំនួននៅភាគឦសានមានដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដោយមិនគិតថ្លៃសម្រាប់ថ្ងៃចុងសប្តាហ៍ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋ សិស្សនិស្សិតមើលឃើញពីការអភិវឌ្ឍយ៉ាងច្រើននៃខេត្តទាំង៤នេះ៕
ដោយ ៖ សិលា