ព័ត៌មានទាន់ហេតុការណ៍៖

បារាំង៖ CEO Telegram ត្រូវស៊ើបអង្កេតពីរូបភាពអាសអាភាសរបស់កុមារនិងការជួញដូរគ្រឿងញៀន 

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា ក្រុមរដ្ឋអាជ្ញានៅក្នុងប្រទេសបារាំង កាលពីថ្ងៃទី២៦ ខែសីហា បាននិយាយថា CEO និងជាស្ថាបនិកកម្មវិធីផ្ញើសារ Telegram លោក Pavel Durov ត្រូវបានឃាត់ខ្លួន នៅក្រោមក្របខ័ណ្ឌនៃការស៊ើបអង្កេតលើបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងរូបភាពអាសអាភាសរបស់កុមារ ការជួញដូរគ្រឿងញៀន និងការឆបោកនៅលើបណ្ដាញទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាពមួយនេះ។

បើតាមក្រុមរដ្ឋអាជ្ញាបារាំង ការចាប់ខ្លួនលោក Pavel Durov ធ្វើឡើងជាផ្នែកមួយនៃការស៊ើបអង្កេតលើមនុស្សម្នាក់ មិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ដែលធ្វើឡើងដោយការិយាល័យប្រឆាំងបទល្មើសសាយប័រ (cybercrime) កាលពីថ្ងៃទី៨ ខែកក្កដា។

ការស៊ើបអង្កេតនេះដែរផ្ដោតលើការសមគំនិតក្នុងបទល្មើសព្រហ្មទណ្ឌជាច្រើន រួមមាន ការប្រើប្រាស់ Telegram ជាកន្លែងឆបោក បង្ហោះរូបភាពអាសអាភាសរបស់កុមារ ជួញដូរគ្រឿងញៀន និងក្លែងបន្លំ ព្រមទាំងការបដិសេធកិច្ចសហការផ្ដល់ព័ត៌មានដល់អាជ្ញាធរ ការលាងលុយកខ្វក់ និងការផ្ដល់សេវា crypto សម្រាប់ពួកឧក្រិដ្ឋជន។ លោក Pavel Durov ត្រូវបានគេរាយការណ៍ថា អាចស្ថិតក្រោមការឃុំខ្លួនរហូតដល់ថ្ងៃពុធសប្ដាហ៍នេះ។

ទន្ទឹមគ្នានឹងការអះអាងរបស់ក្រុមរដ្ឋអាជ្ញាបារាំង លោកប្រធានាធិបតី Emmanuel Macron ក៏បានធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈទទួលស្គាល់ជាលើកដំបូងអំពីការចាប់ខ្លួន លោក Pavel Durov ផងដែរ ចាប់តាំងពីរូបលោកត្រូវបានប៉ូលិសបារាំងឃាត់ខ្លួននៅឯអាកាសយានដ្ឋាន ឡឺបួរហ្សេ (Le Bourget) ស្ថិតនៅខាងក្រៅទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនមក។ តាមលោក Macron ការឃាត់ខ្លួនស្ថាបនិក Telegram មិនមានជាប់ពាក់ព័ន្ធនឹងចេតនានយោបាយអ្វីនោះទេ ហើយថាបារាំងប្រកាន់ខ្ជាប់ជានិច្ចនូវការប្ដេជ្ញាចិត្តយ៉ាងពេញលេញចំពោះសេរីភាពបញ្ចេញមតិស្របច្បាប់។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក Macron បានគូសបញ្ជាក់ដូច្នេះថា «ការឃាត់ខ្លួនថៅកែ Telegram នៅលើទឹកដីបារាំងត្រូវបានធ្វើឡើង ជាផ្នែកមួយនៃការស៊ើបអង្កេតតាមផ្លូវច្បាប់ ហើយវាមិនមែនជាចេតនានយោបាយអ្វីនោះទេ ដោយរឿងគ្រប់យ៉ាង គឺអាស្រ័យលើចៅក្រមជាអ្នកសម្រេច»។

ការចាប់ខ្លួនលោក Pavel Durov បានបង្កឱ្យមានការរិះគន់ពីរុស្ស៉ី រួមទាំងមហាសេដ្ឋីអាមេរិក លោក Elon Musk ជាថៅកែបណ្ដាញទំនាក់ទំនងសង្គម X ដែលបាននិយាយថា សេរីភាពបញ្ចេញមតិនៅក្នុងទ្វីបអឺរ៉ុប កំពុងរងការវាយប្រហារ៕ ដោយធីរីណា

រូបថត: TechCrunch


ចែករំលែក៖