សារព័ត៌មាន Reuters បានផ្សាយថាយោធាអ៊ុយក្រែនបានឱ្យដឹងថា នៅថ្ងៃអង្គារ ទី២៧ ខែសីហានេះ រុស្ស៉ីបានបន្តការវាយប្រហារទ្រង់ទ្រាយធំមកលើតំបន់មួយចំនួនរបស់អ៊ុយក្រែន ដោយប្រើមីស៉ីលនិងយន្តហោះដ្រូន ប្រមាណ២០០គ្រាប់ បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់ និងជាង៥០នាក់រងរបួស។
ក្រុមមន្រ្តីក្នុងតំបន់និយាយថា មនុស្ស ២នាក់ត្រូវបានសម្លាប់នៅពេលដែលការវាយប្រហារត្រូវចំសណ្ឋាគារមួយនៅកណ្តាលទីក្រុង Kryvyi Rih។ រីឯ ២នាក់ទៀតបានស្លាប់ក្នុងការវាយប្រហារដោយដ្រូននៅក្នុងទីក្រុងនៃតំបន់ Zaporizhzhia ភាគខាងកើតទីក្រុង Kryvyi Rih។ ប្រធានរដ្ឋបាលយោធាក្រុងបានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងកៀវ ត្រូវបានដាក់ពង្រាយ ដើម្បីទប់ស្កាត់ការវាយប្រហារពេញមួយយប់ ដោយមីស៉ីលនិងដ្រូនដែលកំណត់គោលដៅ ឆ្ពោះមកកាន់រដ្ឋធានីរបស់អ៊ុយក្រែន។
សាក្សីរបស់ Reuters ក៏បានរាយការណ៍អំពីការផ្ទុះ៣លើកនៅក្នុងទីក្រុងកៀវផងដែរ កាលពីយប់មិញ។ ទំហំនៃការវាយប្រហារនៅថ្ងៃអង្គារ ក៏ដូចជាផលប៉ះពាល់នៅមិនទាន់ដឹងទេ ប៉ុន្តែកងកម្លាំងអាកាសរបស់អ៊ុយក្រែនថា ពួកគេបានកត់ត្រាពីការបាញ់ដ្រូន ជាច្រើនក្រុម ហើយថាប្រតិបត្តិការទាំងនោះធ្វើឡើងចេញពីព្រលានយន្តហោះ ដែលផ្ទុកយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-85 និងយន្តហោះល្បឿនលឿនជាងសំឡេង MiG-31។ Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះបានដោយឯករាជ្យទេ ព្រោះមិនទាន់មានការអត្ថាធិប្បាយពីសំណាក់ភាគីរុស្ស៉ី។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ រុស្ស៉ីបានបាញ់មីស៉ីល និងដ្រូនជាង ២០០ បណ្តាលឱ្យមនុស្ស៧នាក់ស្លាប់និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធថាមពល។ តាមវិមានក្រឹមឡាំង វាគឺជាការឆ្លើយតបចំពោះសកម្មភាពយោធាអ៊ុយក្រែន នៅតំបន់ Kursk របស់
រុស្ស៊ី៕ ដោយធីរីណា