ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនងរុស្ស៊ីបារាំង អាក្រក់បំផុត ក្រោយ ក្រោយការចាប់ខ្លួន CEO របស់ Telegram

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃអង្គារ ទី២៧ ខែសីហាបាននិយាយថាទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉ារីស បានធ្លាក់ដល់ចំណុចទាប បំផុតមួយ ក្រោយការចាប់ខ្លួនស្ថាបនិក និងជា CEO របស់ក្រុមហ៊ុន Telegram លោក Pavel Durov ដោយអាជ្ញាធរបារាំង។

រដ្ឋអាជ្ញាបារាំង កាលពីថ្ងៃអង្គារនោះដែរ បាននិយាយថា លោក Pavel Durov ដែលមានសញ្ជាតិរុស្ស៉ី និងបារាំង ត្រូវបានឃាត់ខ្លួននៅឯអាកាសយានដ្ឋានមួយស្ថិតនៅខាងក្រៅទីក្រុង ប៉ារីស កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតលើបទល្មើសពាក់ព័ន្ធនឹងការបង្ហោះរូបភាពអាសអាភាសរបស់កុមារ ការជួញដូរគ្រឿងញៀន និងការបោកប្រាស់ នៅលើបណ្ដាញ Telegram។ តាមប្រមុខការទូតរុស្ស៊ី លោក Sergei Lavrov ការចាប់ខ្លួនមេ Telegram រូបនេះបានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉ារីស ធ្លាក់ដល់ ចំណុចទាបបំផុតមួយ ក្នុងពេលដែលទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងដុនដាបស្រាប់នាប៉ុន្មានខែចុងក្រោយនេះ។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃអង្គារថារុស្ស៉ីបានត្រៀមលក្ខណៈជាស្រេចដើម្បីផ្ដល់ការគាំទ្រចាំបាច់ នានាសម្រាប់លោក Durov ដោយសារតែរូបលោកជាពលរដ្ឋរុស្ស៊ី។

តាមការិយាល័យរដ្ឋអាជ្ញាបារាំង ការឃុំខ្លួនលោក Pavel Durov ត្រូវបានពន្យាររហូតដល់ថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅបារាំង) ហើយបន្ទាប់មកទៀត តុលាការបារាំង ត្រូវតែសម្រេចចិត្តថាត្រូវធ្វើការចោទប្រកាន់ ឬក៏ត្រូវដោះលែងលោក Durov។ ក្នុងករណី លោក Durov ត្រូវបានចោទប្រកាន់ជាផ្លូវការ នោះចៅក្រមបារាំងអាចនឹងពិចារណាលើ ការឃុំខ្លួនរូបលោកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំសវនាការកាត់ទោស៕

រូបថត:NTY


ចែករំលែក៖