ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះទីហ្វុង Shanshan វាយប្រហារជប៉ុន បង្កឲ្យមានគ្រោះរអិលបាក់ដី មនុស្ស៤នាក់បាត់ខ្លួន 

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយ នៅថ្ងៃពុធ ទី២៨ ខែសីហានេះថាមនុស្ស៤នាក់ជាសមាជិកក្នុងគ្រួសារតែមួយ បានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កឡើង ដោយឥទ្ធិពលព្យុះទីហ្វុងមួយដែលកំពុងបាក់បោកតម្រង់ទៅកាន់ជប៉ុន បណ្ដាលឱ្យមានគ្រោះរអិលបាក់ដី។

ព្យុះទីហ្វុង Shanshan កំពុងស្ថិតនៅចម្ងាយ៨០គីឡូម៉ែត្រពីភាគឦសាននៃទីប្រជុំកោះ Amami នៃភាគខាងត្បូងប្រទេសជប៉ុន នៅព្រឹកថ្ងៃពុធនេះ ជាមួយកម្លាំងខ្យល់បក់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមមន្ត្រីជប៉ុន ក្នុងទីក្រុង Gamagori នៃខេត្ត Aichi បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថាគ្រោះរអិលបាក់ដីបានវាយប្រហារលើផ្ទះ មួយខ្នងដែលសមាជិកគ្រួសារ៥នាក់កំពុងរស់នៅ។ ក្នុងចំណោមពួកគេមាន៤នាក់បានបាត់ខ្លួន និងម្នាក់ត្រូវបានជួយសង្រ្គោះកាលពីថ្ងៃអង្គារម្សិលមិញ។ ប៉ុន្តែ ការស្វែងរក អ្នកបាត់ខ្លួនទាំង៤នាក់ កំពុងបន្តធ្វើឡើង។

អាជ្ញាធរឧតុនិយមជប៉ុន ត្រូវបានរំពឹងថានឹងចេញការប្រកាសអាសន្នជាពិសេសមួយអំពីភ្លៀងធ្លាក់ខ្លាំង សម្រាប់ខេត្ត Kagoshima រួមទាំងទីប្រជុំកោះ Amami នៅថ្ងៃពុធនេះ។ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានលុបចោលជើងហោះហើររាប់សិបជើង រីឯសេវារថភ្លើងល្បឿនលឿនក៏អាចនឹងត្រូវផ្អាកដែរអាស្រ័យទៅលើទិសដៅបក់បោក នៃព្យុះទីហ្វុង Shanshan ដែលត្រូវបានរំពឹងថានឹងបក់បោកទៅកាន់កោះ Kyushu នៅក្នុងសប្ដាហ៍នេះ។ ការមកដល់នៃព្យុះទីហ្វុង Shanshan កើតមានឡើង ក្រោយ ព្យុះទីហ្វុងអំពិល (Ampil) និងព្យុះ Maria ទើបតែបានវាយប្រហារជប៉ុនក្នុងខែនេះ៕

 


ចែករំលែក៖