ភ្នំពេញ ៖ មិនខុសពីសព្វដងទេ មុនការប្រឡងប្រជែងមួយថ្ងៃ គណៈកម្មការ និងអនុគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងក្រុមការងារពាក់ព័ន្ធ តែងតែចុះពិនិត្យមណ្ឌលប្រឡងដោយផ្ទាល់។ ជាក់ស្តែងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។
នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានចុះពិនិត្យស្ថានភាពទូទៅ និងទីតាំងផ្សេងៗទៀត ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល ដើម្បីធានាថា ការប្រឡងប្រជែង នឹងប្រព្រឹត្តទៅបានរលូន និងតាមគោលការណ៍ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ក្នុងការជ្រើសរើសមន្ត្រីរាជការ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងស្របតាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។
ឆ្លៀតក្នុងឱកាសនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនពរដល់បេក្ខជនទាំងអស់ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត និងសូមរក្សាសុខភាពឱ្យបានល្អ ព្រមទាំងត្រៀមខ្លួនចូលរួមប្រឡងដោយអនុវត្តន៍តាមបទប្បញ្ញត្តិ និងការណែនាំរបស់ការប្រឡងប្រជែងឱ្យបានគ្រប់ៗគ្នា៕
ដោយ ៖ សិលា