ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានបង្ក្រាបករណីគ្រឿងញៀន ចំនួន៤គោលដៅជាបន្តបន្ទាប់។ គោលដៅទី១ នៅវេលាម៉ោង ១៥និង ៤០នាទី នៅចំណុចបណ្តោយផ្លូវលំ ភូមិជ្រៃកោង សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គោលដៅទី២នៅវេលាម៉ោង ១៦និង ៤០ នាទី នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ឋនៈ TOTAL ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គោលដៅទី៣ នៅវេលាម៉ោង ១៧ និង ៣០ នាទី នៅចំណុចផ្ទះលេខWG៧១ ផ្លូវលេខ៦ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គោលដៅទី៤ វេលាម៉ោង ២០ និង ០១ នាទី នៅចំណុចផ្ទះលេខ១៦ដេ ផ្លូវលេខ៦អា បុរីលឹមឈាងហាក់ហ្គ្រីនហួម ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ពេលប្រតិបត្តិការបង្ក្រាបបទល្មើសសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ និងដកហូតវត្ថុតាងពី ជនសង្ស័យ ១.ឈ្មោះ ប៊ុន ម៉ាឡែន ភេទស្រី កើតឆ្នាំ១៩៧៣ ២.ឈ្មោះ រឺ សុខលី ភេទប្រុស កើតឆ្នាំ ២០០១ ៣.ឈ្មោះ ដាំ ប្រុសពៅ ភេទប្រុស កើតឆ្នាំ១៩៨៦ ៤.ឈ្មោះ អេង គីមសាយ ភេទប្រុស កើតឆ្នាំ២០០០ ៥.ឈ្មោះ ឈួន ចំរើន ភេទប្រុស កើតឆ្នាំ១៩៨៩ និង៦.ឈ្មោះ លី ស៊ាវហ្វុង ភេទប្រុស កើតឆ្នាំ ២០០០ នូវ១.ក្រាមពណ៌សទ្ធា ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ២៥៤.២៨២,៤០ ក្រាម ២.ក្រាមពណ៌ស ទម្ងន់ ១២៧.៦០៦,៨០ ក្រាម ជាសារធាតុញៀនប្រភេទកេតាមីន និង៣.ម្សៅម៉ត់ពណ៌ស ទម្ងន់ ៧.៧០០ ក្រាម ជាសារធាតុញៀនប្រភេទហេរ៉ូអ៊ុន ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើស សម្អាតប្រាក់។ បន្ទាប់ពីបញ្ចប់ ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ មកកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង ០៦ នាក់ខាងលើ និងបក្ខពួក ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទសម្អាតប្រាក់ បទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕
ដោយ ៖ សិលា