ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា រួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូវិនិយោគ ដឹកនាំដោយលោក Wensheng Chen ប្រធានក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd. កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ថ្មីៗនេះ។
ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីបរិស្ថាន និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ លោកអគ្គលេខាធិការបានធ្វើការអធិប្បាយដោយសង្ខេបអំពីរចនា- សម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ ពិសេស ផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជន ដែលបច្ចុប្បន្នកម្ពុជាមានច្បាប់ស្តីពីវិនិយោគប្រកបដោយភាព បើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងភាពអំណោយផលនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជា ឯកឧត្តមអគ្គ លេខាធិការក៏បានធ្វើការកត់សម្គាល់ពីកំណើនខ្ពស់នៃរំហូរវិនិយោគចិនមកកម្ពុជា។
មានមតិនាឱកាសនៃកិច្ចប្រជុំ លោក Wensheng Chen ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់ ឯលោកអគ្គលេខាធិការ និងសហការី ដែលបានចំណាយពេលវេលាដ៏មមារញឹកទទួលជួបគណៈប្រតិភូក្រុមហ៊ុន ព្រមទាំងបានផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនពិនិត្យ និងសម្រេចបណ្តាក់ទុនវិនិយោគ។
លោក Wensheng Chen បានជម្រាបជូនអង្គប្រជុំថា ក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd. គឺជាក្រុមហ៊ុនវិនិយោគក្នុងវិស័យផលិតស៊ីម៉ងត៍នៅចិន ហើយគោលបំណងនៃដំណើរ ទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេស ការ គិតគូរពីគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា។ លោកបានបន្ថែមទៀតថា លោកនិងគណៈប្រតិភូ មានការរំភើបចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជាបច្ចុប្បន្ន និងបានបង្ហាញពីការជឿជាក់លើដំណើរ អភិវឌ្ឍដ៏ត្រឹមត្រូវរបស់កម្ពុជា។
ជាការឆ្លើយតប លោកអគ្គលេខាធិការបានសម្តែងនូវការអបអរសាទរចំពោះគម្រោងវិនិយោគបង្កើត រោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា ដែលនឹងចូលរួមចំណែកជំរុញការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ពិសេស វិស័យ សំណង់ និងបានស្នើឱ្យក្រុមហ៊ុនត្រូវមានការគិតគូរពីការចូលរួមកាត់បន្ថយការបំពុលបរិស្ថានជាអតិបរមា តាម រយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក៏ដូចជាការប្រើប្រាស់ថាមពលស្អាត។
ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់គណៈកម្មាធិការវិនិយោគកម្ពុជា រង់ចាំដោយក្តីរីករាយក្នុងផ្តល់កិច្ចសម្រួលគ្រប់បែបយ៉ាង ជូនក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕
ដោយ៖ តារា