ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ស្ដីពីការចោទប្រកាន់ប្រកាន់ជនសង្ស័យជាក្មេងទំនើងចំនួន ២នាក់ ពាក់ព័ន្ធករណីជិះម៉ូតូដេញវាយគ្នាទៅវិញទៅមក

ចែករំលែក៖

ខេត្តស្វាយរៀង៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា៖ កម្លាំងសមត្ថកិច្ច នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនា (ទៅវិញ ទៅមក) និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលបង្កដោយក្មេងទំនើងចំនួន ០២ ក្រុម (មានចំនួន ១០ នាក់) បាននាំគ្នាធ្វើសកម្មភាពជិះម៉ូតូដេញវាយគ្នា និងបង្កហិង្សាទៅវិញទៅមក ។

ក្រោយមកកម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់ ដោយក្នុងនោះមាន ០១ នាក់ធ្លាប់បានយក កាំបិតប៉័ងតោទៅសាលារៀន ព្រមទាំងមានដាវ និងដំបងក្រលាស់ផងដែរ ។ ចំណែកឯជនសង្ស័យចំនួន ០៤ នាក់ផ្សេងទៀត បានបន្តរត់គេចខ្លួន ។

ក្រោយពីបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ ពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង និងរបាយការណ៍របស់ មន្ត្រីនគរបាលយុត្តិធម៌ ព្រមទាំងបានស្តាប់ចម្លើយជនសង្ស័យ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើ នសង្ស័យចំនួន ១០ នាក់ (គេចខ្លួនចំនួន ០៤ នាក់) តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៤២០ អ.យ.ធ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ពីបទ ហិង្សាដោយចេតនា (ទៅវិញទៅមក) និងកាន់កាប់ ឬ ដឹក ជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត (កាំបិតប៉័ងតោ, ដាវ និងដំបងក្រលាស់) ប្រព្រឹត្តនៅចំណុចផ្លូវកៅស៊ូADB ស្ថិតនៅភូមិល្វា ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បទល្មើសដែល មានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៧ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ៕ដោយ៖តារា


ចែករំលែក៖