ព័ត៌មានទាន់ហេតុការណ៍៖

យុវជនស្រុកបាកាន ខេត្តពោធិ៍សាត់ គាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍CLV និងគាំទ្រការចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាផ្តើមចេញពីបេះដូងជាតិនិយម ឆន្ទះស្រឡាញ់ប្រទេសជាតិ យុវជនស្រុកបាកាន ខេត្តពោធិ៍សាត់ នាំគ្នាឈចេញជាអក្សរ «គាំទ្រ CLV.DTA» គាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍CLV និងគាំទ្រការចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងអំណរគុណសប្បុរសជនដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ដោយចូលរួមក្នុងការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យ បានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ។

ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែល សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគឺជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។

ការពង្រឹងយន្តការសភាក្នុងការចូលរួមការអភិវឌ្ឍន៍តំបន់CLV ជាសក្ខីភាពមួយ បម្រើឱ្យគោលដៅជាយុទ្ធសាស្ត្រដែលឈរលើមូលដ្ឋាន នៃការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ ដែលរហូតមកដល់ពេលនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើន សម្រាប់ប្រជាជន នៃប្រទេសទាំងបី។

តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបីមានចំនួន១៣ខេត្ត ប្រទេសវៀតណាមមានចំនួន៥ខេត្ត ប្រទេសឡាវមានចំនួន៤ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន៤ខេត្ត ជាអាទិ៍ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបីជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។

នៅក្នុងការអនុវត្តយន្តការសភាដើម្បីចូលរួមជំរុញការអភិវឌ្ឍនៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ រដ្ឋសភាប្រទេសកម្ពុជា ឡាវ និងវៀតណាម កន្លងមក បានរៀបចំកិច្ចប្រជុំគណៈកម្មការជំនាញនៃប្រទេសទាំងបី មានកិច្ចប្រជុំគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងគណៈកម្មការសន្តិសុខ ការពារជាតិ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖