ខេត្តសៀមរាប៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ បានបង្ហាញថា៖ នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរបរទេសជាង ៦៥ ម៉ឺន បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គិតជាទឹកប្រាក់ប្រមាណជាង ៣០ លានដុល្លារ កើនឡើង ៣១,៣៦% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
របាយការណ៍ដដែល បានគូសបញ្ជាក់ថា គិតចាប់ពីខែមករា-សីហា មានភ្ញៀវទេសចរបរទេសចំនួន ៦៥១ ៥៥៧ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ៣០,៧៦% ខណៈប្រាក់ចំណូលទទួលបានពីការលក់សំបុត្រចំនួន ៣០ ៣៣៣ ២២៩ ដុល្លារ កើនឡើង៣១,៣៦% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
ដោយឡែកបេីតាមការបញ្ជាក់ពីប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) លោក ធួន ស៊ីណាន បានមានប្រសាសន៍ថា ភ្ញៀវទេសចរនៅកម្ពុជាមិនទាន់មានសញ្ញាវិជ្ជមាននៅឡើយទេ បន្ទាប់ពីឆ្លងកាត់វិបត្តិកូវីដ១៩ នៅខេត្តសៀមរាបទេសចរនៅមានកម្រិត ខណៈតួលេខដែលកើនឡើងភាគច្រើន គឺការឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងប្រទេសថៃ និងប្រទេសវៀតណាម ដែលទេសចរចូលមករយៈពេលខ្លីហើយចេញទៅវិញ។
ជាមួយគ្នានោះ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៣,១៦ លាននាក់ (៣ ១៦៦ ៤៩៧) មានការកើនឡើង ២២,៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍។
ក្នុងចំណោមទេសចរជាង ៣,១៦ លាននាក់ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ៩៥៥ ២៥០ នាក់ កើន ៩,៧% វៀតណាមចំនួន ៦៣៩ ៥៤៩ នាក់ កើន ៣៨% ចិន ៣៨៩ ៣៦០ នាក់ កើន ៤៥,២% ឡាវ ១៨៨ ៧២៦ កើន៣៤,៤% អាមេរិក ១១២ ០៤៣ កើន ១៥,៧% កូរ៉េ ១០១ ៤៣៥ កើន ១៦,៧%៕ដោយ៖តារា