ភ្នំពេញ ៖ ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) គឺជាការរលាកទងសួតរុំារ៉ៃ និង មានការត្បៀតទងសួត ដែលបង្កឡើងដោយមូលហេតុផ្សេងៗជាច្រើន ពិសេសគឺផ្សែងបារី។
១) កត្តាបង្ក៖
កត្តាដែលបង្កអោយមានជំងឺស្ទះផ្លូវដង្ហើមមាន÷
– កត្តាអាយុ គឺនៅពេលដែលយើងមានអាយុកាន់តែច្រើនយើងកាន់តែប្រឈមមុខកើតជំងឺនេះ កាន់តែច្រើន (ភាគច្រើនចាប់ពីអាយុ៤០ឆ្នាំឡើងទៅ)។
– កត្តាពុលបរិស្ថាន ។
– កត្តាដកដង្ហើមស្រូបផ្សែងផ្សេងៗ ជាពិសេសបារី (រួមទាំងផ្សែងធូប ផ្សែងចង្រ្កាន ដោយសារការដុតអូស ឬធ្យូង និងផ្សែងធូបមូសជាដើម)។
– កត្តាដែលធ្លាប់មានរលាកសួតធ្ងន់ធ្ងរ (ដូចជាជំងឺរបេង)។
– និងកត្តាផ្សេងៗទៀត។
២) រោគសញ្ញា៖
រោគសញ្ញានៃជំងឺស្ទះផ្លូវដង្ហើមរុំារ៉ៃរួមមាន
– ក្អករុំារ៉ៃ
– មានស្លេសជាប្រចាំជាពិសេសនៅពេលក្រោកពីដំណេកពេលព្រលឹម
– ហត់ ឬពិបាកដកដង្ហើម រុំារ៉ៃ។ ឧទាហរណ៍នៅពេលដើរ ឬធ្វើអ្វីមួយយើងមានអារម្មណ៍ថាឆាប់ហត់ជាងអ្នកដទៃដែលមានអាយុប្រហាក់ប្រហែលនឹងយើងដែរ។
៣) ការធ្វើរោគវិនិច្ឆ័យជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ៖
ជាទូទៅវេជ្ជបណ្ឌិតធ្វើការសន្និដ្ឋានជាជំងឺស្ទះផ្លូវដង្ហើរុំារ៉ៃបានដោយពឹងផ្អែកទៅលើ អាយុអ្នកជំងឺ(លើស៤០ឆ្នាំ កត្តាប្រឈម (ជក់បារី) និងរោគសញ្ញាគ្លីនីក (ក្អក និងហត់រុំារ៉ៃ)។ ក្នុងការមន្ទិលសង្ស័យលើរោគវិនិច្ឆ័យ គេអាចបញ្ជាក់អោយបានច្បាស់លាស់តាមរយៈ ការប្រើឧបករណ៍វាស់ផ្លូវដង្ហើម (Lung Function Test)។
៤) ការព្យាបាល៖
ថ្វីត្បិតតែពុំមានថ្នាំជួយអោយជាសះស្បើយ ប៉ុន្តែមានការព្យាបាលល្អរួមទាំងការឈប់ពិសារបារី ផងដែរអាចជួយអោយអ្នកជំងឺបានធូរស្រាលពីរោគសញ្ញាដែលរំខានដូចជា ក្អក និងហត់ជាដើម ពិសេសជាងនេះទៅទៀតគឺ ការព្យាបាលត្រឹមត្រូវ ជួយទប់ស្កាត់កុំអោយជំងឺមាន ការវិវត្តន៍ទៅរកការខ្សោយផ្លូវដង្ហើមធ្ងន់ធ្ងរ។
ដូច្នេះហើយបើមានរោគសញ្ញា ក្អក ហត់ ឬពិបាកដកដង្ហើមរ៉ាំរ៉ៃ ជាពិសេសលោកអ្នកដែលធ្លាប់ ឬកំពុងតែបន្តការពិសាបារី សូមមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃអោយបានច្បាស់លាស់ និងទទួលបាននូវការព្យាបាល ត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព ៕
ដោយ ៖ សិលា