អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ព្រឹកថ្ងៃទី៥ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមពិធីបើកកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងបានថ្លែងសុន្ទរកថាគន្លឹះនៅវិមានសភាប្រជាជនក្រុងប៉េកាំង។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងអាហ្រ្វិកគួរតែពួតដៃគ្នាដើម្បីជំរុញ “ទំនើបកម្មចំនួន៦” ពោលគឺពួតដៃគ្នាជំរុញទំនើបកម្មនៃភាពយុត្តិធម៌និងសមហេតុផល ទំនើបកម្មនៃការបើកចំហនិងឈ្នះ-ឈ្នះ ទំនើបកម្មនៃការតម្កល់ប្រជាជនជាចម្បង ទំនើបកម្មនៃពិពិធកម្មនិងបរិយាបន្ន ទំនើបកម្មនៃភាពសុខដុមជាមួយបរិស្ថាន និងទំនើបកម្មនៃសន្តិភាពនិងសន្តិសុខ។
គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ទៀតថា ៖ លោក Xi Jinping បានថ្លែងបន្តថា ក្នុងរយៈពេលបីឆ្នាំខាងមុខ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយទ្វីបអាហ្រ្វិកដើម្បីអនុវត្តសកម្មភាពនៃភាពជាដៃគូសំខាន់ៗចំនួន ១០ បូករួមទាំងការរៀនសូត្រពីអរិយធម៌ទំនើបទៅវិញទៅមក ពាណិជ្ជកម្មនិងវិបុលភាព និងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្មជាដើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងជំរុញការធ្វើទំនើបកម្មនៃសកលខាងត្បូង៕
ដោយ ៖ សិលា