ខេត្តកំពង់ចាម៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញនេះបានដឹកនាំក្រុមការងារចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ៤ករណី នៅស្រុកជើងព្រៃ និងស្រុកកងមាស ខេត្តកំពង់ចាម។
ការចុះបង្ក្រាបនេះ មានការចូលរួមពីខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ មន្ទីរកសិកម្មខេត្តកំពង់ចាម និងអាជ្ញាធរស្រុកជើងព្រៃ ក្រោមការសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយចុះបង្រ្កាបបទល្មើសបានចំនួន៤ទីតាំង ចាប់ពីចំណុច ទំនប់ចាំនាង ឃុំផ្តៅជុំ ចំណុចបឹងជ្រោយ ឃុំសូទិព្វ ចំណុចបឹងសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ និងនៅចំណុចកន្លែងរុន ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
វត្ថុតាងដែលរឹបអូសបានរួមមាន ឧបករណ៍លូស្បៃមុងសរុប ៦៧មាត់ របាំងស្បៃមុងប្រវែង ៣ ៤២៥ម៉ែត្រ បង្គោលចម្រឹងចំនួន ១ ១៧៥ដើម និងរុះរើកាប់បំផ្លាញចោលនៅនឹងកន្លែងកើតហេតុ ព្រមទាំងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល។ ចំណែកកូនត្រីចម្រុះទម្ងន់សរុប ៣៥៣គីឡូក្រាម ក្រុមការងារចម្រុះបានចាក់លែងចូលក្នុងបឹងធម្មជាតិវិញ៕
ដោយ៖ តារា