ខេត្តរតនគិរី៖ ផ្លូវជាតិលេខ៧៨ គឺជាផ្លូវយុទ្ធសាស្ត្រក្នុងការតភ្ជាប់ភូមិភាគឦសាន ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគិរី ដោយបន្តរហូតដល់តំបន់កន្ទុយនាគ នៃព្រះរាជាណាចក្រកម្ពុជា ។ ផ្លូវនេះ មានប្រវែងជាង ១៩១គីឡូម៉ែត្រ ដោយបានសាងសង់ជាប្រភេទផ្លូវកម្រាលកៅស៊ូ DBST និង AC ។ នាកន្លងមក ផ្លូវនេះ ក៏ត្រូវបានប្រើប្រាស់សម្រាប់បម្រើដល់យុទ្ធសាស្ត្រយោធាផងដែរ គឺតាំងតែពីផ្លូវនៅដីក្រហមមកម្ល៉េះ ។ សម្រាប់នាពេលបច្ចុប្បន្ន ផ្លូវជាតិលេខ៧៨ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍ ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋ ក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងរីកចម្រើន ។ បន្ថែមពីនេះ ផ្លូវជាតិលេខ៧៨ ក៏ត្រូវប្រើប្រាស់ផងដែរ នៅក្នុងការដឹកកសិផលរបស់កម្ពុជា សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុកបានកាន់តែលឿនផងដែរ ប្រកបដោយប្រសិទ្ធភាព ដែលរក្សាបាននូវគុណភាពកសិផល ។
គូសរំលេចផងដែរថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ។
ប្រភព៖ បណ្តាញសង្គមតេឡេក្រាម ឯកឧត្តម ប៉ែន បូណា