ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រុងប្រយ័ត្ន ! អាពាហ៍ពិពាហ៍អនឡាញក្លែងក្លាយលើប្រព័ន្ធអ៊ីនធឺណិត ( Online Grooming )

ចែករំលែក៖

ភ្នំពេញ ៖ អាពាហ៍ពិពាហ៍អនឡាញ ឬ Online Grooming គឺជាអំពើឆបោកបញ្ឆោតមនោសញ្ចេតនាស្នេហា លួងលោមជនរងគ្រោះនៅលើបណ្តាញអ៊ីនធឺណិត ដែលច្រើនកើតមានឡើងលើកុមារ ក្មេងជំទង់ និងករណីខ្លះបានកើតឡើងចំពោះមនុស្សវ័យចំណាស់ផងដែរ ដើម្បីកេងចំណេញបោកប្រាស់ហិរញ្ញវត្ថុពីជនរងគ្រោះ និងអាចឈានដល់ការចាប់ជម្រិត មនុស្សឃាត ជួញដូរគ្រឿងញៀន ចាប់រំលោភ ថតរូបភាព វីដេអូអាសអាភាសជាដើម។

ក្រុមជនខិលខូចប្រើវិធីសាស្រ្តឆបោក Online Grooming នៅលើបណ្តាញសង្គមដូចជា Facebook Tiktok Telegram Instagram និងកម្មវិធីហ្គេមអនឡាញមួយចំនួនផងដែរ ។ 

ខាងក្រោមនេះជាដំណាក់កាលសំខាន់ៗរបស់ក្រុមជនខិលខូចរៀបគម្រោងឆបោកជនរងគ្រោះ រួមមាន ៖

១. បង្កើតភាពទុកចិត្ត៖ ជនខិលខូចកសាងទំនាក់ទំនងជាមួយជនរងគ្រោះម្តងបន្តិចៗរហូតក្លាយជាមិត្តភក្តិយល់ចិត្តគ្នាតាមរយៈអនឡាញ

២. រក្សាការសម្ងាត់ និងឧបាយកល៖ ជនខិលខូចព្យាយាមគ្រប់គ្រងការទំនាក់ទំនងល្អជាមួយជនរងគ្រោះដោយទាញយកទំនុកចិត្ត និងភាពជឿជាក់ដោយរក្សាការសម្ងាត់ពីឪពុកម្តាយ ឬអាណាព្យាបាលរបស់ជនរងគ្រោះ

៣. គោលដៅការកេងប្រវ័ញ្ច ៖ ជនខិលខូចរៀបចំគម្រោងកេងប្រវ័ញ្ចលើជនរងគ្រោះ ឬអនីតិជនបង្ខិតបង្ខំឱ្យផ្ញើរូបថត ឬវីដេអូតាមរយៈអនឡាញ ឬធ្វើការជួបដោយផ្ទាល់កេងប្រវ័ញ្ចផ្លូវភេទជាដើម។

៤. ការគំរាមកំហែង៖ គោលដៅចុងក្រោយរបស់ជនខិលខូចស្វែងរកចំនុចខ្សោយរបស់ជនរងគ្រោះ បន្ទាប់ពីបានលួងលោមយករូបភាពឬវីដេអូអាក្រាតក្នុងគោលបំណងគំរាមកំហែងយកប្រាក់ជាដើម។

ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមក្រើនរំលឹកដល់ឪពុកម្តាយបង្កើនការប្រុងប្រយ័ត្នចំពោះកូនលើការប្រើប្រាស់បណ្តាញសង្គម ៖

១. ឈ្វេងយល់អំពីមនុស្សដែលកូនៗលោកអ្នកកំពុងទាក់ទង ,។

២.សង្កេតមើលអំពីសម្ភារដែលកូនៗលោកអ្នកប្រើប្រាស់ជាប្រចាំថ្ងៃ ,។

៣. ជៀសវាងការចែករំលែកព័ត៌មានផ្ទាល់ខ្លួន រូបភាព វីដេអូជាមួយអ្នកដទៃតាមបណ្តាញសង្គមជាដើម ។ 

ករណីកូនៗលោកអ្នកធ្លាក់ចូលទំនាក់ទំនងស្នេហាក្លែងក្លាយលើបណ្តាញសង្គម ឬOnline Grooming សូមទាក់ទងមកកាន់សមត្ថកិច្ចជំនាញដើម្បីស្វែងដំណោះស្រាយ៕

ដោយ ៖ សិលា


ចែករំលែក៖