ខេត្តមណ្ឌលគិរី ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញនូវសមិទ្ធផល ប្រកបដោយសក្តានុពល របស់ ក្រុមហ៊ុនចម្ការកៅស៊ូប៊ែលហ្ស៊ិក Covipharma Co.,Ltd គឺជាបុត្រសម្ព័ន្ធក្រុមហ៊ុនរបស់ Socfic Cambodia ដែលមានទីតាំងស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការ យ៉ាងដូច្នេះថា ៖ ក្រុមហ៊ុន Covipharma Co.,Ltd មានផ្ទៃដីដាំដុះសរុបចំនួន ៥៣៤៥ហិកតា និងបានដាំដុះចម្ការកៅស៊ូរួចរាល់ចំនួន ៣២២៨ហិកតា ដោយមានកម្មករខ្មែរអចិន្ត្រៃយ៍បម្រើការងារចំនួន ៤៥៧នាក់ បុគ្គលិកជាជនជាតិខ្មែរចំនួន ១០នាក់ និងបុគ្គលិកបរទេស ចំនួន ៥នាក់ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តថា ៖ នៅលើផ្ទៃដីដែលបានដាំដុះកៅស៊ូរួចរាល់ គឺមានផ្ទៃដី ៣២១៣ហិកតា ដែលកំពុងប្រមូលផល ដោយផលិតជាកៅស៊ូស្ងួតបានចំនួន ១៣៩,០៦តោន ។ ក្នុងនោះ ក្រុមហ៊ុនក៏មានរោងចក្រកែច្នៃជ័រកៅស៊ូ សម្រាប់នាំចេញផងដែរ ដែលមានដូចជា ជ័រស្ងួត និងជ័រកែច្នៃ ។ សម្រាប់ផលិតផលជ័រស្ងួត និងជ័រកែច្នៃនេះ គឺបាននាំចេញទៅទីផ្សារក្រៅស្រុកចំនួន ១០ភាគរយ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកចំនួន ៩០ភាគរយ ៕
ដោយ ៖ សិលា