ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំ មាតា-បិតា ឬអ្នកអាណាព្យបាល ជំរុញកូនចៅរបស់ខ្លួន ឱ្យខិតខំរៀនសូត្របានជាប់លាប់

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំដល់មាតា-បិតា ឬអ្នកអាណាព្យាបាល ជួយជំរុញកូនចៅរបស់ខ្លួន ឱ្យខិតខំរៀនសូត្រ ឱ្យបានជាប់លាប់ និងទទួលលទ្ធផលល្អគ្រប់ៗគ្នា។

តាមរយៈសារលិខិតអបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤ ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃចំណេះដឹង បំណិន និងនវានុវត្តន៍» សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្មួយៗជាសិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាព ត្រូវសកម្មបន្តចូលរួមជួយបង្រៀនដោយស្ម័គ្រចិត្ត ដល់អ្នកមិនចេះអក្សរ ដែលស្ថិតក្នុង មូលដ្ឋានរបស់ក្មួយៗរស់នៅ។

សម្ដេចធិបតី គូសបញ្ជាក់ថា «បងប្អូនជនរួមជាតិ ដែលជាមាតាបិតាឬអ្នកអាណាព្យាបាល ក៏សូមជួយ ជំរុញបងប្អូនកូនចៅ ឱ្យខិតខំរៀនសូត្រឱ្យបានជាប់លាប់ និងទទួលលទ្ធផលល្អគ្រប់ៗគ្នា»។

សូមជម្រាបជូនថា ទិវាអក្ខរកម្មជាតិ ៨ កញ្ញា នៅឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃចំណេះដឹង បំណិន និងនវានុវត្តន៍» ដែលបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃអក្ខរកម្ម ក្នុងការផ្តល់ភាពអង់អាចដល់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនងាយរងគ្រោះ កុមារ និងយុវជន ធ្វើពលកម្មនៅក្រៅសាលារៀន កម្មករ កម្មការិនីរោងចក្រ កុមារ និងយុវជនជនជាតិដើមភាគតិច ដើម្បីទទួលបានចំណេះដឹងមូលដ្ឋាន និងមានសមត្ថភាពរឹងមាំ ឈានឆ្ពោះទៅចាប់យកជំនាញវិជ្ជាជីវៈប្រចាំជីវិត ស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន សម្រាប់លើកកម្ពស់ជីវភាព និង ការចូលរួមក្នុងសកម្មភាពអភិវឌ្ឍសង្គម ឱ្យកាន់តែសកម្មនិងមាននិរន្តរភាព៕

ដោយ ៖ សិលា


ចែករំលែក៖