ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ កម្ពុជា និងកាណាដា បានពិភាក្សាគ្នាអំពីមធ្យោបាយ ដើម្បីជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន អំឡុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសទាំងពីរ ដែលធ្វើជាសហប្រធានដោយ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក អាឡិន បូមែន អគ្គនាយក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេសកាណាដា នៅទីក្រុងអូតាវ៉ា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។
ភាគីទាំងពីរ បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការបច្ចុប្បន្ន និងបានរំលេចអំពីសកម្មភាពដែលនឹងត្រូវតាមដានបន្ត លើវិស័យមួយចំនួន ដែលរួមមាន ពាណិជ្ជកម្ម និងវិនិយោគ ការដោះមីន កិច្ចការកុងស៊ុល និងទេសចរណ៍ ហ្វ្រង់កូហ្វូនី និងបានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀតក្នុងនាមជា«ដៃគូមានទំនុកចិត្ត»។ ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-កាណាដា ក៏ត្រូវបានលើកមកពិភាក្សាផងដែរ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ លោក វែលដុន អេប ឧបការីរងរដ្ឋមន្ត្រី ការបរទេសទទួលបន្ទុកកិច្ចការ ឥណ្ឌូ-ប៉ាស៊ីហ្វិក នៃ ក្រសួងការបរទេស កាណាដា បានជម្រាបជូន ឯកឧត្តម រដ្ឋលេខាធិការ អំពីយុទ្ធសាស្ត្រ ឥណ្ឌូ- ប៉ាស៊ីហ្វិក របស់ កាណាដា។
បន្ថែមលើនេះ លោករដ្ឋលេខាធិការ ក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាជាមួយ លោកស្រី សាន់ដ្រា ម៉ាកស៏ខាលដល អនុរដ្ឋមន្ត្រីការបរទេសកាណាដា អំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាប្រយោជន៍ និងកង្វល់រួម អំឡុងពេលអាហារថ្ងៃត្រង់ ដែលរៀបចំដោយលោកស្រី។
គួរកត់សម្គាល់ផងដែរថា លោក រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក គឹម ចាន់ភិរម្យ កុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងម៉ុងរ៉េអាល់ ក៏បានចូលរួមជាមួយគណប្រតិភូកម្ពុជា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ខាងលើផងដែរ ៕
ដោយ ៖ សិលា