ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវបាននគរបាលស្រុកស្អាងចាប់ឃាត់ខ្លួន ក្រោយពីយកកាំបិតប៉័ងតោគំរាមសម្លាប់ទៅលើស្ត្រីម្នាក់នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៧និង១០នាទី នៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ លឿង ង៉ែត ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ រតនា សំបូរ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរៈជាងជួសជុលរថយន្ត មានទីលំនៅ ភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(ឃាត់ខ្លួន)វិជ្ជមាន(+) សារធាតុញៀនក្នុងទឹកនោម។ វត្ថុតាងចាប់យកៈ កាំបិតប័ុងតោចំនួន០១ ។
ប្រភពដដែលបន្តថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៧និង១០នាទី ជនសង្ស័យបានមកពីលេងបាល់វិញ រកបាយហូបតែមិនមាន។ បន្ទាប់មកជនរងគ្រោះបានដើរមកផ្ទះខ្លួន យកទឹកត្រីទឹកសុីអុីវ ភ្លាមនោះជនសង្ស័យបានជេរប្រមាថជនរងគ្រោះ ថាពួកមីចោលម្រាយនាំគ្នាមកយករបស់របរផ្ទះអញអស់ហើយ រួចបានយកកាំបិតប័ុងតោកាន់គំរាមថាសម្លាប់ជនរងគ្រោះថែមទៀតផង ។ លុះព្រឹកឡើងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ជនរងគ្រោះក៍បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីជួយអន្តរាគមន៍។ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានទៅឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ។
តាមចម្លើយសារភាព ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតរកដេញកាប់ជនរងគ្រោះប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ