ខេត្តក្រចេះ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ កាលពីថ្ងៃទី០៧ ខែកញ្ញាថ្មីៗនេះ នៅក្នុងភូមិសាស្ត្រឃុំកញ្ជរ និងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។
ការចុះបង្ក្រាបនេះ មានការចូលរួមពីអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផលក្រចេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆ្លូង កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត និងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ។
វត្ថុតាងដែលរឹបអូសបាន រួមមាន៖ របាំងព្រួលស្បៃមុងចំនួន ២៧ខ្សែ ប្រវែង ១ ៧៥០ម លូស្បៃមុងចំនួន ២៧មាត់លូ បង្គោលចម្រឹងប្ញស្សីចំនួន ៤០៥ដើម ឧបករណ៍នេសាទឆក់ត្រីចំនួន ១គ្រឿង អាគុយ ២គ្រឿង ថ្នងដួសត្រីតភ្ជាប់ជាមួយខ្សែភ្លើងប្រវែង ៨ម ចំនួន ១វង់ និងទូកម៉ាស៊ីនចំនួន១ យកមករក្សាទុកនៅផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ ព្រមទាំងគ្រឿងពាក់ព័ន្ធនឹងករណីប្រព្រឹត្តបទល្មើសស្បៃមុង យកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ។
ចំណែកកូនត្រីចម្រុះទម្ងន់ប្រមាណ ១៥០គីឡូក្រាម ត្រូវបានចាក់លែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ៕ដោយ៖តារា