ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយលោកស្រី និងវត្តមានដ៏ខ្ពង់ខ្ពស់លោកស្រី ញ៉ែម សាខន ស ខេង ចូលរួមជាអធិបតីកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ របស់ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅក្នុងបរិវេណសាលាបឋមសិក្សា ក្របៅចាស់ ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយមារ។
ក្នុងនាមប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងជំនួសមុខឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ពិសេសក៏សូមថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ លោក លោកស្រី សប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភដល់ដំណើរការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកកំចាយមារ ក៏ដូចជាបណ្តាក្រុង ស្រុកដទៃទៀត។
ជាមួយគ្នានេះដែរ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រី ជាក្រុមការងារចុះជួយមូលដ្ឋានស្រុកកំចាយមារ ក៏ដូចជាអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងជួយសម្របសម្រួល និងរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនពលរដ្ឋក្នុងស្រុកកំចាយមារ។ សកម្មភាពដ៏ថ្លៃថ្លានេះ សបញ្ជាក់ឱ្យឃើញពីការចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សិលា