ភ្នំពេញៈនៅព្រឹកថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៤គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ និងស្រុកកៀនស្វាយ បានបើកកិច្ចប្រជុំរួមគ្នាជាលើកទី៣ ដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពនៅមូលដ្ឋានស្រុកនិងខណ្ឌនិយាយរួម បើកកិច្ចសហការប្រតិបត្តិរួមគ្នា អនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ។
កិច្ចប្រជុំ រួមជាលើកទី៣ នេះបានធ្វើឡើងក្រោមវត្តមានលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកអ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុក , លោកចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ និងលោកឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ ព្រមទាំងមានការចូលរួមពី លោកអធិការនគរបាលខណ្ឌ-ស្រុក , លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ-ស្រុក , លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានព្រំប្រទល់ជាប់គ្នា និងលោក-លោកស្រីដែលជាមេឃុំចៅសង្កាត់មានព្រំប្រទល់ជាប់គ្នា ។
ថ្លែងនៅក្នុងកិច្ចប្រជុំលោកចេង មុនីរ៉ាអភិបាលខណ្ឌច្បារអំពៅ និងលោក ឡូវសុខសាន្ត អភិបាលស្រុកកៀនស្វាយបានដាក់ចេញនូវគោលដៅរួមគ្នា គឺអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាផ្ដល់សេចក្ដីសុខដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ខណ្ឌនិងស្រុក កិច្ចការចម្បងគឺ បង្ក្រាបក្រុមក្មេងទំនើង បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យមាននៅក្នុងមូលដ្ឋានទាំងពីរ បង្ក្រាបមុខសញ្ញាគ្រឿងញៀន និងបង្ក្រាបក្រុមមុខសញ្ញាដែលប្រព្រឹត្តបទល្មើស នៅក្នុងមូលដ្ឋានទាំងពីរ ។ ដោយឡែក ឃុំ-សង្កាត់ណាដែលមានព្រំប្រទល់ជាប់គ្នា សូមឲ្យគណៈបញ្ជាការទាំងពីរ បង្កើនការយកចិត្តទុកដាក់ចុះត្រួតពិនិត្យតាមតំបន់ស្មុគស្មាញ និងតំបន់ងាយរងគ្រោះដោយមុខសញ្ញាគ្រឿងញៀន ។
ក្នុងកិច្ចប្រជុំលើកទី៣នេះដែរ គណៈបញ្ជាការឯកភាពទាំង២ បានសម្រេចរួមគ្នាបង្កើតប៉ុស្តិ៍ ជាទីបញ្ជាការស្រាលសម្រាប់ កម្លាំងគណៈបញ្ជាការទាំងពីរប្រចាំការដើម្បីការពារ មុខសញ្ញាផ្សេងៗ កុំឲ្យចូលមកប្រព្រឹត្តបទល្មើសនៅក្នុងមូលដ្ឋានឃុំនិងសង្កាត់ ដែលមានព្រំប្រទល់ជាប់គ្នា ។ មួយផ្នែកទៀត នៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋ
គណៈបញ្ជាការឯកភាពទាំងពីរបានដាក់ចេញនូវវិធានការ ផ្សព្វផ្សាយពីផលប៉ះពាល់ ពីផលប៉ះពាល់ដោយសារការញៀន ល្បែងស៊ីសង បញ្ជ្រាបការយល់ដឹងពីច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស ដែលចំណុចទាំងអស់នេះគឺជាផ្នែកមួយនៃការជំរុញឲ្យសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីមានការភ្ញាក់រឭកតាមរយៈការបញ្ជ្រាប យល់ដឹងផលប៉ះពាល់នានា ដែលធ្វើឲ្យខូចអនាគតរបស់សិស្សានុសិស្ស ។
ជាមួយគ្នានេះដែរ គណៈបញ្ជាការឯកភាពទាំងពីរបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបើមានផ្ទះជួលសូមកុំឲ្យជួលអោយ ក្រុមរកស៊ីបើកល្បែងស៊ីសងគ្រប់ប្រភេទជាពិសេសល្បែងឡូតូតាមអនឡាញជាដើម ។ ការចូលរួមរបស់បងប្អូនគឺមានន័យថាបងប្អូនបានរួមចំណែកជាមួយអាជ្ញាធរក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនិងមួយផ្នែកទៀតបងប្អូនបានចូលរួមអនុវត្តបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទមិនឲ្យមាននៅក្នុងប្រទេស ៕ សណ្តោស