ប្រទេសជប៉ុន ៖ ក្រោមការសម្របសម្រួលពីសមាគមជប៉ុនកម្ពុជា (Japan-Cambodia Association – JCA) នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងសហការី បានអញ្ជើញធ្វើទស្សនកិច្ចនៅស្ថានីយទូរទស្សន៍ TBS និងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន TBS HOLDINGS នៅតំបន់ពាណិជ្ជកម្មអាកាសាកាក់ ទីក្រុងតូក្យូ តាមការអញ្ជើញរបស់ប្រធានក្រុមហ៊ុន TBS HOLDINGS ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុនកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក RYUJIRO Abe ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិក្រុមហ៊ុន TBS HOLDINGS ជាមួយនឹងការជួបសំណេះសំណាលខ្លីដោយក្តីរាក់ទាក់បំផុត។
ក្នុងឱកាសនោះ បុគ្គលិកក្រុមហ៊ុនទូរទស្សន៍ TBS បានធ្វើបទបង្ហាញនិងចែករំលែកអំពីបទពិសោធន៍ និងសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការប្រើប្រាស់បច្ចេកវិទ្យា VFX ជាមួយអេក្រង់ LED ក្នុងស្ទូឌីយ៉ូ សម្រាប់ការផលិតខ្សែភាពយន្ត និងការបង្កើតព្រឹត្តិការណ៍អនឡាញធំៗនៅក្នុងប្រទេសជប៉ុនជាដើម។ ជាមួយគ្នានោះ លោកឯកអគ្គរាជទូត និងសហការី ក៏បានអញ្ជើញពិនិត្យមើលជាក់ស្តែងនូវសកម្មភាពប្រតិបត្តិការរបស់បុគ្គលិកនៃការិយាល័យ និងស្ទូឌីយ៉ូផ្សព្វផ្សាយព័ត៌មានរបស់ទូរទស្សន៍ TBS ពេលដែលទូរទស្សន៍ TBS កំពុងដំណើរការផ្សព្វផ្សាយព័ត៌មានផ្ទាល់ផងដែរ៕
ដោយ ៖ សិលា