ខេត្តត្បូងឃ្មុំ ៖ សំណើ និងសំណូមពរ ចំនួន ១៦ករណី ត្រូវបានប្រជាពលរដ្ឋ ស្នើឡើង នៅក្នុងវេទិកាសាធារណៈ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំល្វាលើ តំណាងលោក ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ។ វេទិកានេះ មានការចូលរួមពី អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ព្រមទាំង តំណាងប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ចំនួន ១៥០នាក់ ផងដែរ ។
មុនពេលបើកការពិភាក្សាពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំល្វាលើ បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេស រយៈពេលជាងមួយឆ្នាំកន្លងមកនេះ គឺបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ និងបានដាក់ចេញនូវគោលនយោបាយអទិភាពទាំង ៩ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះ ទៅការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកគុណភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង ។ ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំល្វាលើ បានបញ្ជាក់ដែរថា ដើម្បី ឆ្លុះបញ្ចាំង នៃការដាក់ចេញនូវគោលនយោបាយនោះ គឺត្រូវការមតិយោបល់ និងការវាយតម្លៃ ពីសំណាក់បងប្អូនប្រជាពលរដ្ឋត្រឡប់មកវិញ ចង់ដឹងថាតើ លទ្ធផលដែលបងប្អូនប្រជាពលរដ្ឋ ទទួលបានពីគោលនយោបាយនោះកម្រិតណា? ។ ដូច្នេះ ដើម្បី ថ្នាក់ដឹកនាំ អាចវាស់ស្ទង់ផ្ទៀងផ្ទាត់ ពីលទ្ធផលនោះបាន គឺត្រូវជួបជុំគ្នា ដើម្បី ធ្វើវេទិកាសាធារណៈ នាពេលនេះ ។ ក្រៅពីនោះ ចំពោះ ការអនុវត្តការងាររដ្ឋបាលឃុំ ក៏ដូចជា រាជរដ្ឋាភិបាល ក៏ផ្ដោតសំខាន់ ទៅលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធទៅនឹងការផ្ដល់សេវា ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ ជាពិសេស ផ្ដោតទៅលើការងារ ដែលបម្រើសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។
សូមបញ្ជាក់ដែរថា វេទិកាសាធារណៈ ដែលបានរៀបចំ នារយៈពេល ១ព្រឹក ទទួលបានសំណើ និងសំណូមពរ លើបញ្ហាផ្សេងៗ ចំនួន ១៦ករណី ក្នុងនោះ ធ្វើការដោះស្រាយភ្លាមៗ បានចំនួន ០៨ករណី និង ០៨ករណី ទៀត ត្រូវបានក្រុមការងារ រៀបចំរបាយការណ៍ ដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បី ធ្វើការដោះស្រាយបន្ត ផងដែរ ៕
ដោយ ៖ សិលា