ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រី០២នាក់ជាបងប្អូនបង្កេីតជិះម៉ូតូឌុបគ្នាតាមដងផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាក បេីកបុកស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

      ភ្នំពេញ ៖ ក្មេងស្រី០២នាក់ដែលជាបងប្អូនបង្កេីត បានជិះម៉ូតូឌុបគ្នាតាមដងផ្លូវ អកុសលត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបេីកបុកបណ្ដាលឲ្យដួលបោកក្បាលស្លាប់ទាំង០២នាក់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៨យប់ ថ្ងៃ ទី០៩ ខែ កញ្ញា ឆ្នាំ២០២៤ នៅតាម បណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

    សពក្មេងស្រី០២នាក់ខាងលេី ទី១ ឈ្មោះ មិត្ត ជូលី អាយុ ១១ឆ្នាំ និងទី២ ឈ្មោះ មិត្ត សុផេង អាយុ៩ឆ្នាំ ដោយជនរងគ្រោះទាំងពីរនាក់ខាងលេីនេះស្នាក់នៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញ ជនរងគ្រោះ២នាក់បងប្អូនជិះម៉ូតូម៉ាក ZOOMER -X ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FS-7326 បានធ្វេីដំណេីរតាម បណ្ដោយ ផ្លូវ១៩៨៦ ទិសដៅពីលិចទៅកេីត ក្នុងលឿនល្មម លុះជិះមកដល់ចំណុចកេីតហេតុ ក៏ស្រាប់តែឃេីញរថយន្ដបង្កមិន ចាំម៉ាក ពណ៌ស ធ្វេីដំណើរតាមបណ្ដោយ ផ្លូវ១៩៨៦ ទិសដៅពីកេីតទៅលិច ក្នុងល្បឿនលឿន ហេីយបានបុកម៉ូតូជនរងគ្រោះដែលកំពុងជិះ បណ្ដាលឲ្យដួល ឯរថយន្តបង្កបានកិនជនរងគ្រោះទាំងពីរនាក់ស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ   ចំណែករថយន្តបង្កបានព្យាយាមបេីករត់គេចខ្លួនបាត់ស្រមោល ។ 

      ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់ និងជួយសម្រួលចរាចរណ៍ដល់អ្នកដំណេីរ និងទាក់ទងទៅសាច់ញាតិក្រុមគ្រួសារឲ្យមកកន្លែងកេីតហេតុផងដែរ ដោយមួយសន្ទុះក្រោយ ឪពុកម្ដាយជនរងគ្រោះបានមកដល់ដោយសំឡេងស្រែកទ្រហ៊ោរយំស្រណោះកូនស្រីទាំងពីរយ៉ាងសង្វែក ។  

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចជំនាញ នៃការរិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះយកទៅទុកបណ្ដោះអាសន្ន និងរង់ចាំស្រាវជ្រាវរករថយន្តបង្កមកចាត់ការតាមច្បាប់ ។ ដោយឡែកសពក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូនត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ធ្វើលិខិតប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖