ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុស២នាក់បានលង់ទឹកស្លាប់ ក្នុងចំណោមគ្នីគ្នា៤នាក់ដែលទៅលេងទឹកនៅការដ្ឋានបូមខ្សាច់ក្នុងខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាអាណោចអាធ័មខ្លាំងណាស់ ខណៈក្មេងប្រុស២នាក់បានលង់ទឹកស្លាប់ ក្នុងចំណោមបក្ខពួក៤នាក់ដែលទៅលេងទឹកក្នុងបរិវេណការដ្ឋានបូមខ្សាច់ក្បែរមាត់ទន្លេ នៅជ្រោយចង្វា កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅការដ្ឋានបូមខ្សាច់១កន្លែង ជាប់មាត់ទន្លេ ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

      សពក្មេងប្រុសទាំង២នាក់ខាងលើ ទី១មានឈ្មោះ ម៉េង ហៅម៉ាប់ មានអាយុ៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ ម៉ី មាន អាយុ៦ឆ្នាំ ពួកគេទាំងពីរនាក់រស់នៅភូមិកេីតហេតុខាងលេី។

      យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារសពរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងៗចំនួន៤នាក់ បាននាំគ្នារត់លេងនៅម្តុំក្បែរការដ្ឋានបូមខ្សាច់១កន្លែងខាងលេី ដោយការដ្ឋាននោះពុំមានការហ៊ុមព័ទ្ធរបង ឬសំណាញ់ការពារសុវត្ថិភាពត្រឹមត្រូវឡេីយ ទេីបធ្វេីឲ្យក្មេងៗអាចរត់ចូលលេងដល់ក្នុងបរិវេណខាងលើបាន ។ រហូតដល់ម៉ោងកើតហេតុ ក៏មានក្មេងៗធ្លាក់ចូលទឹកនៅចំណុចការដ្ឋានបូមខ្សាច់ខាងលើបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ និងក្រុមគ្រួសាររជនរងគ្រោះ នាំគ្នារត់ទៅជួយសង្គ្រោះ តែជាអកុសលក្មេងប្រុស២នាក់ក្នុងចំណោមក្មេងៗទាំង៤នាក់បានលង់ទឹកបាត់ហេីយ ។ 

      គួរបញ្ជាក់ថា កន្លងទៅឪពុកម្ដាយ និងប្រជាពលរដ្ឋក្នុងភូមិ តែងតែហាមកូនៗនិងក្មេងខាងលេី កុំឲ្យទៅលេងក្បែរតំបន់នោះដេីម្បីកុំឲ្យគ្រោះថ្នាក់ ដល់អាយុជីវិត តែជាអកុសលនៅល្ងាចថ្ងៃកេីតកើតហេតុ នៅតែកេីតមានក្មេងៗពីរនាក់បានលង់ទឹកស្លាប់ដដែល ។ 

    ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះទៅកន្លែងកេីតហេតុ និងបានធ្វេីកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកមកផ្ទះ ដើម្បីរៀបចំធ្វេីបុណ្យតាមប្រពៃណី៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖