ព័ត៌មានទាន់ហេតុការណ៍៖

Mbappe ចាប់ផ្តើមលេងជាកីឡាករបម្រុង ខណៈបារាំងឈ្នះបែលហ្សុិកនៅ Nations League

ចែករំលែក៖

បារាំងបានបើកយុទ្ធនាការប្រកួតបាល់ Nations League របស់ខ្លួនជាមួយនឹងជ័យជម្នះយ៉ាងសំខាន់លើបែលហ្ស៊ិកក្នុងលទ្ធផល ២ទល់០កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញា ២០២៤នេះ។

ក្រុមរបស់លោក Didier Deschamps ត្រូវបានក្រុមអុីតាលីយកឈ្នះក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតបើកឆាកក្នុងពូល២ នៃក្របខណ្ឌ League A របស់ពួកគេកាលពីថ្ងៃសុក្រ ហើយបានប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញមួយទៀតជាមួយនឹងក្រុមបែលហ្ស៊ិក។

ប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbappe បានចាប់ផ្តើមលេងជាកីឡាករបម្រុងសម្រាប់ការប្រកួតនេះ ដោយបានលេងពេញ៩០នាទីកាលពីប្រកួតជាមួយក្រុម អុីតាលី ហើយលោក Deschamps បានសម្រេចចិត្តផ្លាស់ប្តូរខ្សែប្រយុទ្ធទាំងមូលរបស់គាត់។

បែលហ្ស៊ិកបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ប៉ុន្តែត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី ហើយកីឡាករ Kolo Muani របស់បារាំងបានរកគ្រាប់បាល់នាំមុខនៅនាទីទី២៩ក្នុងតង់ទី១។

មិត្តរួមក្រុម Paris St-Germain របស់ Muani កីឡាករ Ousmane Dembele រកបានគ្រាប់បាល់ទី២ ដែលធ្វើឲ្យបារាំងនាំមុខ ២-០ នៅនាទីទី៥៧បន្ទាប់ពីការវាយបកយ៉ាងខ្លាំង។ ចំណែក Mbappe ត្រូវបានបញ្ជូនមកពាក់កណ្ដាលតង់ទីពីរ ហើយមានឱកាសល្អពីរលើក ប៉ុន្តែមិនអាចរកគ្រាប់បាល់បាន។

ទន្ទឹមនឹងនេះ អុីតាលីបានបន្តការចាប់ផ្តើមដ៏រឹងមាំរបស់ខ្លួនក្នុងការប្រកួត Nations League ជាមួយនឹងជ័យជម្នះជាលើកទីពីរជាប់ៗគ្នា ដោយបានយកឈ្នះលើក្រុមអុីស្រាអែលក្នុងលទ្ធផល ២-១។

កីឡាករអុីតាលីដែលបានធ្លាក់ចេញពី Euro 2024 ក្នុងវគ្គ១៦ក្រុមចុងក្រោយបានបើកការស៊ុតបញ្ចូលទីតាមរយៈកីឡាករ Davide Frattesi នៅពេលដែលគាត់ស៊ុតចំគោលដៅនៅនាទីទី៣៨ក្នុងតង់ទី។ Moise Kean ធ្វើបានគ្រាប់បាល់ទី២នៅតង់ទីពីរនាទីទី៦២ ដោយការស៊ុតបញ្ចូលទីបន្ទាប់ពីការស៊ុតរបស់ Giacomo Raspadori ត្រូវអ្នកចាំទីចាប់ខ្ទាត ហើយត្រូវ Kean បន្ថែមបញ្ចូលទីតែម្តង។

Mohammad Abu Fani រកបានមួយគ្រាប់មកវិញសម្រាប់អុីស្រាអែលជាមួយនឹងការបញ្ចប់ដ៏អស្ចារ្យនៅចុងម៉ោងនាទីទី៩០។ បច្ចុប្បន្នអុីតាលីកំពុងឈរកំពូលតារាងក្នុងពូលទី២ដោយមាន៦ពិន្ទុពីការប្រកួតចំនួនពីរលើកមកទល់ពេលនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖