ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្រ្តីកម្ពុជា៖​ រាជរដ្ឋាភិបាល​ នឹងបន្តលើកលែងនូវពន្ធអាករដល់បងប្អូនប្រជាកសិករ​

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែង​អះអាងថា​៖ រាជរដ្ឋាភិបាល​ នឹងបន្តលើកលែងនូវពន្ធអាករដល់បងប្អូនប្រជាកសិករ​ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល​ នឹងខិតខំធ្វើនូវធារាសាស្រ្តទឹកជាច្រើនកន្លែងបន្ថែមទៀត ដើម្បីជួយសម្រួលដល់បងប្អូនប្រជាកសិករប្រកបមុខរបរកសិកម្មឱ្យកាន់តែល្អប្រសើរបន្ថែម។​ ការអះអាងបែបនេះរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាឱកាសអញ្ជើញជាអធិបតីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។ 

សម្ដេច​នាយករដ្ឋមន្ត្រី បានថ្លែង​គូសបញ្ជាក់​យ៉ាងដូច្នេះ​ថា៖​ រាជរដ្ឋាភិបាលអាណត្តិទី៧នៃនីតិកាលរដ្ឋសភានេះមិនព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះឡើយ ហើយរាជរដ្ឋាភិបាលបាននិងកំពុងបន្តមិនយកពន្ធអាករពីប្រជាកសិករ និងលើក លែងពន្ធនូវជី និងថ្នាំសម្រាប់កសិកម្ម និងជួយតាមរយៈគោលនយោបាយផ្សេងៗទៀត ដើម្បីជួយកាត់បន្ថយការលំបាកដល់ប្រជាកសិករនោះ។

បន្ថែម​ពីនេះ​ សម្ដេច​ធិបតី​ ក៏បានថ្លែងបន្តថា តាមរយៈគោលនយោបាយអនុគ្រោះនានារបស់រាជរដ្ឋាភិបាលគឺបានជំរុញឱ្យមានការរីកចម្រើន ជាជំហានៗក្នុងវិស័យកសិកម្ម តួយ៉ាងផលិតកម្មស្រូវបានកើនដល់ ១២.៤៥លានតោនស្រូវសើម នៅឆ្នាំ២០២២-២០២៣ និងបាននាំចេញអង្ករចំនួន៦៥៦ពាន់តោនអង្ករ ដែលគិតជាទឹកប្រាក់បានចំនួន៤៦៦ លានដុល្លារសហរដ្ឋអាមេរិក និងបាននាំចេញស្រូវចំនួន៤.៣៩ លានតោនស្រូវ ដែលគិតជាទឹកប្រាក់បានចំនួន ១.៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិកផងដែរ។ 

ជាមួយគ្នានេះ​ សម្តេចធិបតី ក៏បានសម្តែងនូវមោទនភាពក្នុងរយៈពេលកន្លងទៅនេះ វិស័យស្រូវអង្កររបស់កម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយមានការនាំចេញស្រូវអង្ករបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិ៕

ដោយ​៖ តារា​


ចែករំលែក៖