ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំ ដើម្បីបន្តតាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារដឹកនាំរួម នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ខេត្ត និងកែសម្រួលសមាសភាពមួយចំនួន ក្នុងអនុគណៈកម្មការទាំង៦ ដើម្បីបន្តតាមដាន ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត ដោយបានការចូលរួមពីប្រធាន អនុប្រធាន និងសមាជិក នៃអនុគណៈកម្មការទាំង៦ក្រុម និងក្រុមលេខាធិការ ចំណុះឱ្យគណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក ខូយ រីដា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អនុគណៈកម្មការទាំង៦ ដែលបានខិតខំបំពេញការងារយ៉ាងសកម្មគ្រប់គោលដៅទាំងអស់ ដោយពុំខ្លាចនឿយហត់នាពេលកន្លងមក។ 

លោក បានជម្រាបជូនថា បន្ទាប់ពីទទួលបានការគាំទ្រ និងលើកទឹកចិត្តយ៉ាងខ្លាំង ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាហើយនោះ គ្រប់អនុគណៈកម្មការទាំងអស់ ត្រូវតែអនុវត្តការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងដោយស្មារតីប្រុងប្រយ័ត្ន ទទួលខុសត្រូវខ្ពស់ ព្រមទាំងមានភាពវៃឆ្លាត ក្នុងការដឹកនាំ និងការពិនិត្យស្ថានភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋចំណូលស្រុក។

លោក ខូយ រីដា បានលើកឡើងថា នៅចំពោះមុខនេះ យើងបានកែសម្រួលនូវសមាសភាពមួយចំនួន ក្នុងអនុគណៈកម្មការ និងក្រុមលេខាធិការ ចំណុះឱ្យគណៈកម្មការថ្នាក់ខេត្ត ក្នុងគោលបំណងគឺដើម្បីធ្វើយ៉ាងណាឱ្យអនុគណៈកម្មការនីមួយៗ មានប្រធាន អនុប្រធាន និងសមាជិកច្បាស់លាស់ ក្នុងការគ្រប់គ្រងភូមិសាស្ត្រ និងចេះថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ទីតាំងដែលត្រូវចុះនីមួយៗ។

ក្នុងកិច្ចប្រជុំនេះដែរ លោក អភិបាលខេត្ត ក៏បានដាក់ចេញនូវយន្តការមួយចំនួន ដើម្បីឱ្យអនុគណៈកម្មការទាំង៦ យកទៅអនុវត្ត រួមមាន៖

ទី១៖ គ្រប់អនុគណៈកម្មការទាំងអស់ ត្រូវមានរបាយការណ៍ជាប្រចាំ និងអមដោយរូបភាព មកលេខាធិការដ្ឋាន

ទី២៖ ត្រូវរៀបចំទីតាំងឈរជើង ឱ្យបានត្រឹមត្រូវ

ទី៣៖ ត្រូវចុះឃ្លុំ ដកហូតដី និងឡើងផែនទី មកលេខាធិការដ្ឋានជាប្រចាំ ដើម្បីបូកសរុបរាយការណ៍ ជូនថ្នាក់ជាតិ

ទី៤៖ ត្រូវអនុវត្តច្បាប់ ចំពោះជនល្មើស ដែលបានបំផ្លាញធ្ងន់ធ្ងរ ទៅលើធនធានធម្មជាតិ

ទី៥៖ មន្ទីរបរិស្ថាន ត្រូវកសាងនីតិវិធី និងត្រូវសហការជាមួយកម្លាំងនគរបាល

ទី៦៖ អនុគណៈកម្មការនីមួយៗ ត្រូវរៀបចំប្រជុំផ្ទៃក្នុង នៃអនុគណៈកម្មការរបស់ខ្លួន

ទី៧៖ អនុគណៈកម្មការទាំងអស់ ត្រូវអនុវត្តការងារឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានឧបត្ថម្ភថវិកា ចំនួន ១០លានរៀលស្មើៗគ្នា ដល់អនុគណៈកម្មការទាំង៦ ដើម្បីបន្តចុះយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបនៅតាមគោលដៅ ដែលបានដាក់ចេញឱ្យមានប្រសិទ្ធភាពផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖